(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងវិធានការជាក់ស្ដែង ដើម្បីអភិវឌ្ឍន៍ប្រទេស ប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និងរួមគ្នាជាមួយប្រជាពលរដ្ឋដើម្បីការពារបូរណភាពទឹកដី។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការស្រលាញ់ប្រទេសជាតិ ស្រលាញ់ទឹកដី គឺស្ដែងឡើងតាមការអនុវត្តជាក់ស្ដែង និងគោលនយោបាយ មិនមែនសម្ដែងតែនៅលើបណ្ដាញសង្គមនោះឡើយ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់ គឺសុទ្ធតែមានស្មារតីស្នេហាជាតិ និងស្នេហាទឹកដី ដូច្នេះត្រូវតែរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី ប្រជាពលរដ្ឋទាំង១៧លាននាក់ គឺមានស្មារតីនេះ។ ប៉ុន្ដែអ្វីដែលរាជរដ្ឋាភិបាលបានធ្វើមិនត្រឹមតែ ពាក្យស្នេហាជាតិនោះទេ តែយើងធ្វើការងារដាក់ចេញគោលនយោបាយ និងវិធានការជាក់ស្ដែង ការអភិវឌ្ឍជាតិស្ដែង ដើម្បីប្រែក្លាយទឹកដីរបស់យើងទាំងមូលទៅជាតំបន់អភិវឌ្ឍន៍ និងរួមគ្នាការពារបូរណភាពទឹក និងព្រំដែនរបស់យើង»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយតំបន់ដែលធ្លាប់តែមានកងទ័ពច្បាំងគ្នា ទៅជាតំបន់ដែលមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងមានប្រជាពលរដ្ឋរស់នៅប្រកបដោយជីវភាពសមរម្យ។ ជាក់ស្ដែងនៅស្រុកវាលវែងនេះ គឺជាអតីតសមរភូមិក្ដៅ តែបច្ចុប្បន្នគឺពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា សមិទ្ធផលអគារសិក្សាមិនប្លែកពីកន្លែងដទៃនោះទេ តែអគារសិក្សាលើទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមានអត្ថន័យណាស់ ព្រោះតំបន់នេះជាអតីតសមរភូមិសង្គ្រាម តំបន់ដាច់ស្រយាល តែឥឡូវក្លាយជាកន្លែងអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ បើគ្មាននយោបាយឈ្នះ-ឈ្នះ និងគោលនយោបាយត្រឹមត្រូវដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទេនោះ ទឹកដីស្រុកវាលវែងនៅតែកប់ចោល៕