(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ដើម្បីការពារទឹកដីបាន គឺត្រូវតែប្រឹងប្រែងបង្កើនសមត្ថភាព មិនមែនអង្គុយតែខ្លាច ដោយមិនធ្វើអ្វីនោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទស្សនៈនៃការព្រួយបារម្ភអំពី ការបាត់បង់ទឹកដីពីណាក៏ត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតនូវគំនិតជ្រុលនិយមខ្លាចហួសនោះទេ បើខ្លាចគេពង្រឹងខ្លួនឯងទៅ បើខ្លាចគេយករបស់ហ្នឹងត្រូវពង្រឹងសមត្ថភាពខ្លួនឯង»

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា បើខ្លាចបាត់បង់ត្រូវចេះយកចិត្តទុកដាក់ និងថែរក្សា ពោលគឺពង្រឹងសមត្ថភាពខ្លួនឲ្យបានរឹងមាំ បន្តអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។ សម្ដេចបន្តថា ការព្រួយបារម្ភអំពីការបាត់បង់ទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវខ្លាចរហូតទាល់តែមិនធ្វើអ្វីសោះនោះទេ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀប ទំនាក់ទំនងរវាងប្រទេស និងប្រទេស ជាមួយទំនាក់ទំនងរបស់ប្រជាជន ដោយមនុស្សរស់នៅត្រូវមានទំនាក់ទំនងទៅវិញទៅមក មិនអាចផ្ដាច់ខ្លួនចេញពីសង្គម ព្រោះតែខ្លាចគេចង់បាន ឬបំពានខ្លួនឯងនោះទេ៕