(ភ្នំពេញ)៖ ករណីនាយនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរងរបួស ព្រមទាំងខូចខាតសម្ភារផ្សេងទៀតនៅមុខក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនោះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះថា អ្នកបើកបររថយន្ដបង្កឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ព្រមទាំងអនុវត្តបទវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌថែមទៀត។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា «ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក សង្គ្រោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់។ សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែងទេ)»។
ការចេញមកបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបែបនេះ បន្ទាប់ពីមានការជជែកវែកញែកគ្នាច្រើននៅលើបណ្ដាញសង្គម ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដែលបង្កដោយនាយនគរបាលម្នាក់បម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ តាមរយៈការបញ្ជាក់របស់លោកនៅព្រឹកនេះ ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យ និងបិទបញ្ចប់ការជជែកវែកញែកដែលមិនមានមូលដ្ឋានច្បាស់លាស់៕