(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិស័យសន្តិសុខជាតិ នៃប្រទេសទាំងពីរ។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក លឿង តាមក្វាង (Luong Tam Quang) នៅសាលសវនារបស់លោកសន្ដិបណ្ឌិត នៅទីស្ដីការគណៈរដ្ឋមន្ដ្រី បន្ទាប់ពីលោកបានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីប្រវត្តិ និងទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលកំពុងមានវឌ្ឍនភាពល្អប្រសើរលើគ្រប់វិស័យ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងឋានៈជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រពៃណីតាំងពីរយូរលង់មក។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូន លោករដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមថា កន្លងមកកម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អលើវិស័យសន្តិសុខ និងការពារជាតិ ដោយប្រទេសទាំងពីរបានបំពេញកាតព្វកិច្ចទាំងសងខាង និងចូលរួមទប់ស្កាត់បទល្មើសមិនប្រពៃណី និងបទល្មើសផ្សេងៗទៀត។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញយន្តការជាច្រើនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ហើយលទ្ធផលក្នុងឆ្នាំនេះ គឺមានភាពល្អជាងឆ្នាំមុនៗ ដោយចំណុចល្អនោះមាន៣ គឺ៖ ១៖ ការប្រើប្រាស់តាមសហគមន៍មានការថយចុះ, ២៖ កន្លែងលួចកែច្នៃមានការថយចុះ និង៣៖ ការប្រើប្រាស់តាមក្លឹបមានការថយចុះ។ ប៉ុន្ដែចំណុចដែលគ្រោះថ្នាក់ និងគួរឲ្យព្រួយបារម្ភ គឺការកើនឡើងនូវការនាំចូលគ្រឿងញៀនពីក្រៅប្រទេស ដោយឆ្លងកាត់កម្ពុជា នោះក៏ដោយសារតែបញ្ហាទីតាំងភូមិសាស្ត្រដែលកម្ពុជា នៅជិតតំបន់ត្រីកោណមាស។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏នៅតែប្រឈមនឹងការលំបាកមួយចំនួន ជាពិសេសគឺការងារព្យាបាល និងស្ដារនីតិសម្បទារបស់អ្នកញៀនគ្រឿងញៀន។ ក្នុងន័យ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរំលឹកពីការស្នើដល់ភាគីវៀតណាម លើការផ្ដល់ជំនួយទាំងបច្ចេកទេស និងសម្ភារៈ លើការងារបន្សាបគ្រឿងញៀននៅកម្ពុជា ដោយសារវៀតណាម មានបទពិសោធន៍ច្រើនលើការងារនេះ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tamquang) បានថ្លែងអំណរគុណចំពោះការអនុញ្ញាតឲ្យរូបលោក និងប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ និងកោតសរសើរចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងតួនាទីដ៏សំខាន់ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ដែលលោកសន្ដិបណ្ឌិត បានជួយជ្រោមជ្រែងលើការងារសន្ដិសុខសំខាន់ៗ តាំងពីលោកនៅជាអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្ននេះលោកបន្ដដើរតួនាទីយ៉ាងសំខាន់លើវិស័យសន្ដិសុខ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរផងដែរ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពទាំងស្រុងនូវចំណុចដែលបានលើកឡើងរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងវិស័យសន្តិសុខ គឺជាសរសរស្តម្ភដែលមិនអាចខ្វះបាន ហេតុនេះលោកនឹងជំរុញមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងនគរបាលវៀតណាម បន្តសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បន្ថែមពីនេះ លោកបានបញ្ជាក់ជំហរជួយដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាពិសេសពាក់ព័ន្ធការស្នើរបស់លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ភាគីវៀតណាម នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ទស្សនកិច្ចការងារពិនិត្យ និងសិក្សាយកបទពិសោធនៅប្រទេសវៀតណាម អំពីការបន្សាប និងការព្យាបាលអ្នកញៀនគ្រឿងញៀននៅមណ្ឌលស្តារនីតិសម្បទា។
លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានលើកឡើងថា «ការជួយមិត្ត គឺដូចជាការជួយខ្លួនឯង» ហើយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការការពារសន្តិសុខជាតិនេះ គឺជារឿងចាំបាច់ ដែលមិនមែនតែជារឿងរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះទេ តែជាបញ្ហារបស់ពិភពលោកដែលត្រូវចូលរួមដោះស្រាយ។
ជារួមក្នុងជំនួបនេះ ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាទាំងស្រុង ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕