(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានបង្កើតនូវព័ត៌មានបំពុលមួយទៀតហើយ នៅពេលដែលប្រទេសកម្ពុជា កំពុងរៀបចំរំកិលជំហានជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ ក្រុមជ្រុលនិយម បានចោទថារាជរដ្ឋាភិបាល បានលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬ អាកាសយានដ្ឋានពោធិ៍ចិនតុង ដែលជាសំណង់បង្កើតឡើងក្នុងអតីតជំនាន់សម្តេចតាទួត នៃយើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅពេលដែលប្រទេសកម្ពុជា កំពុងរៀបចំសម្រាប់ជំហានជាប្រវត្តិសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ រលកនៃព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយម បានព្យាយាមបំពុលមតិសាធារណទៀតហើយ។

ព័ត៌មានមិនពិតមួយនោះ គឺការអះអាងដោយគ្មានមូលដ្ឋានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមបំពុលព័ត៌មានទាំងនោះ ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកចោទប្រកាន់ថា អាកាសយានដ្ឋានពោធិ៍ចិនតុង ឬទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានលក់ទៅចិន ក្នុងតម្លៃច្រើនពាន់ដុល្លារក្នុងមួយម៉ែត្រក្រឡា។

ព័ត៌មាននេះ មិនត្រឹមតែមិនពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការផ្សាយបំពុលសាធារណមតិ ក្រោមការរៀបចំឡើងដោយសំឡេងក្រុមជ្រុលនិយម ក្នុងគោលបំណងទុច្ចរិតតែមួយគត់គឺញុះញង់ពលរដ្ឋខ្មែរ មិនឱ្យមានការមិនទុកចិត្តក្នុងដំណើរអភិវឌ្ឍន៍ជាតិក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលកម្ពុជា បានលើកឡើងបដិសេធការផ្សាយបំពុលសង្គមរបស់ក្រុមទុច្ចរិតចោទថាទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានលក់ទៅឱ្យបរទេស៖

«ប៉ុន្មានថ្ងៃនេះ ឃើញជជែកផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះ គឺថាច្បាស់ណាស់ ព្រលានយន្តហោះនេះ រដ្ឋាភិបាលលក់ឱ្យក្រុមហ៊ុនឯកជន១៥ឆ្នាំមុន។ តើបានមកពីណា? ១៥ឆ្នាំមុន យើងមិនទាន់ធ្វើគម្រោងព្រលានយន្តហោះថ្មីផង, មានគ្រោងទៅលក់ព្រលានយន្តហោះនោះឯណា? បើមាន សុំឱ្យឯកសារនោះមកផង ក្រែងខ្ញុំមិនដឹងពីព្រោះមានតែ២នាក់ទេ ដែលមានមានសិទ្ធិក្នុងការសម្រេចដោះដូរកន្លែងណា គឺសម្តេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងអាណ្ណត្តិមុន និងរូបខ្ញុំដែលជានាយករដ្ឋមន្ត្រីមនៅក្នុងអណ្ណត្តិនេះ។ យើងទាំងពីរអ្នក អត់ដែលបានដឹងអំពីគម្រោងនៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅណា។ អញ្ចឹង អ្នកដែលនិយាយជជែកគ្នា ខ្ញុំសុំឱ្យបញ្ចប់។ ម៉ោងនេះ ពេលនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍ ដែលថាកន្លែងណា ដែលថាសម្រេចលក់ព្រលានយន្តហោះនេះឱ្យទៅឯកជននោះទេ»

ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងទន្ទឹមនឹងមានការជូនដំណឹងស្តីពីដំណើរការព្រលានយន្តហោះថ្មីអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ដែលជាអតីតស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ កសាងក្នុងទសវត្ស១៩៥០ ត្រៀមនឹងបញ្ឈប់ដំណើរការហោះហើររបស់ខ្លួនទាំងអស់ ដោយត្រូវផ្ទេរផ្លាស់ប្តូរទៅកាន់ព្រលានយន្តហោះថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមទាំងនោះ ដោយសង្កត់ធ្ងន់ថា «នេះគឺជាការផ្ទេរ មិនមែនជាការប្រគល់ឱ្យក្រុមហ៊ុនឯកជនទេ»។ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល មិនដែលមានគម្រោងលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញឡើយ, ផ្ទុយទៅវិញ កាន់តែការពារវាជាទ្រព្យសម្បត្តិសាធារណៈមិនឱ្យបាត់បង់ឡើយ។

* ការផ្លាស់ប្តូរ គឺជាចក្ខុវិស័យសម្រាប់វឌ្ឍនភាពអាកាសចរណ៍

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងដ៏មហិមាមួយគ្របដណ្តប់លើផ្ទៃដី ២,៦០០ហិកតា ចម្ងាយ១៩គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ ធ្លាប់ត្រូវបានផ្សាយដោយទូរទស្សន៍ CNN ដែលកត់សម្គាល់ថា ជាស្ថាបត្យកម្មមួយក្នុងចំណោមស្ថាបត្យកម្មលំដាប់ពិភពលោកចំនួន១១ សម្រាប់ឆ្នាំ២០២៥។

ស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកចំនួន១០ទៀត ដែលបានកត់សម្គាល់សម្រាប់ឆ្នាំ២០២៥នោះ រួមមាន៖ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី, Grand Ring នៅក្រុង Osaka របស់ជប៉ុន, Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេស, Canadian School នៅក្រុង Cholula របស់ប្រទេសម៉ិចស៊ិច, South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិក, Goethe-Institut នៅក្រុង Dakar របស់ប្រទេសសេណេហ្កាល់, គម្រោងសំណង់ Urban Glen នៅក្រុង Hangzhou របស់ប្រទេសចិន, Riyadh Metro នៅក្រុង Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត, Skypark Business Center នៅក្រុង Findel នៃប្រទេសលុច្សសំបួរ និងស្ពាន Danjiang Bridge ក្នុងក្រុង Taipei របស់ប្រទេសចិន។

អាកាសយានដ្ឋានថ្មីនេះ គឺជាអាកាសយានដ្ឋានដែលមានចំណាត់ថ្នាក់ 4F ត្រូវបានរចនាឡើងដើម្បីផ្ទុកយន្តហោះដ៏ធំបំផុតនៅលើពិភពលោកដូចជា Airbus A380 និង Boeing 747-800 ។ ជាមួយនឹងការវិនិយោគដំបូងចំនួន 1.5 ពាន់លានដុល្លារ ព្រលានយន្តហោះថ្មីរបស់កម្ពុជានេះ គឺជាតំណាងឱ្យចក្ខុវិស័យដ៏អង់អាចរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។

ការផ្លាស់ប្តូរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់ព្រលានយន្តហោះតេជោអន្តរជាតិ មិនមែនជាការបោះបង់ចោលអតីតទេ ប៉ុន្តែជាការវិវត្តន៍នៃសមត្ថភាពជាតិក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បើទោះបីជានឹងបញ្ឈប់ប្រតិបត្តិការពាណិជ្ជកម្មហោះហើរ ក៏ពិតមែនក្នុងពេលខាងមុខនេះ ប៉ុន្តែអាចបន្តសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ប្រតិបត្តិការឧទ្ធម្ភាគចក្រ ឬជាទីតាំងប្រវត្តិសាស្ត្រ ដែលត្រូវបានអភិរក្ស ដូចដែលបានបញ្ជាក់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ៖

«ទី១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ រក្សាតម្លៃប្រវត្តិសាស្ត្រនៅទីតាំងនេះ គឺមិនឱ្យបាត់កន្លែងនេះដែលជាអតីតព្រលានយន្តហោះ ដែលស្មាមព្រះហស្ថព្រះបាទព្រះបរមរតនកោដ ហើយបម្រើដល់វិស័យដឹកជញ្ជូនយើងរាប់សិនឆ្នាំនោះទេ។ អញ្ចឹងតម្លៃប្រវត្តិសាស្ត្រនៅតែមានត្រូវធ្វើ, ទី២. គឺជម្រើសដែលផ្តល់ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរិមាអត់ឱ្យឯកជនទេ គឺនឹងប្រែក្លាយទៅជាកន្លែងណាមួយ ឬមួយទ្រព្យសម្បត្តិអ្វីមួយ ដែលប្រជាពលរដ្ឋខ្មែរជាពិសេស អ្នកភ្នំពេញអាចប្រើប្រាស់អតិបរមានេះគឺជាការប្រើប្រាស់។ ហើយទី៣. លក្ខខណ្ឌដែលត្រូវធ្វើបីលក្ខខណ្ឌនេះត្រូវធានាគឺរូបមន្ត និងជម្រើសនៃការគ្រប់គ្រងប្រើប្រាស់យ៉ាងណាក៏ដោយមានចីរភាព ប៉ុន្តែត្រូវធានាថាព្រទ្យសម្បត្តិទាំងអស់នេះ ត្រូវតែនៅជាទ្រព្យសម្បត្តិរបស់រដ្ឋ អត់មានឱ្យឯកជនទេនេះ គឺជាគោលការណ៍ដែលយើងធ្វើ។ អញ្ចឹងគោលការណ៍ទាំងអស់នេះ ដែលយើងធ្វើនិងពិភាក្សា កំពុងពិនិត្យមើលជុំវិញ តែធ្វើយ៉ាងណាកន្លែងនេះនៅតែជារក្សាតម្លៃប្រវត្តិសាស្ត្រ មិនឱ្យបាត់ទៅណាទេ»។

«សួរថាគេធ្លាប់និយាយ គេធ្លាប់កាលគូឡេមានតើ គេគិត៣០០ហិកតា ១ការ៉េគិតតែ១ពាន់ឡើង៣ពាន់លាន តែ៣ពាន់លាននេះគិតជាលុយមិនស្មើនិងផល ដែលប្រជាពលរដ្ឋ ផលនិងតម្លៃនៅប្រវត្តិសាស្ត្រ តែព្រលានមួយនេះនឹងផ្តល់ដល់ប្រជាពលរដ្ឋនោះទេ យើងត្រូវរក្សានេះ។ ហើយគោលការណ៍នេះ តាំងពីដើមមកសម្តេចតេជោ ក៏ខ្ញុំធ្លាប់បានជជែក ហើយសូមពិនិត្យមើលកិច្ចការនេះជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ ហើយក៏សុំគោលការណ៍ជាមួយសម្តេចតេជោ គឺមិនដែលមានពេលណាមួយពេលណាដែលយើងពិចារណាថាលក់ទីតាំងនេះ ឬដោះដូរទីតាំងនេះ ឱ្យឯកជនយកអភិវឌ្ឍន៍ អចលនទ្រព្យអីនោះទេ គឺទុករក្សាដើម្បីផលប្រយោជន៍សាធារណៈ ហើយសំខាន់បំផុតនៅតែជាអចលនទ្រព្យរបស់រដ្ឋដដែលទៅថ្ងៃអនាគតសូមញ្ជាក់សូមបញ្ចប់ការជជែកដេញដោលគ្នាទៅ»

អាកាសយានដ្ឋានពោធិ៍ចិនតុង មិនត្រឹមតែជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ វាជានិមិត្តរូបនៃភាពធន់របស់កម្ពុជា។ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺច្បាស់លាស់ណាស់ នោះការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ជាមួយនឹងការរក្សាបាននូវទ្រព្យសម្បត្តិប្រវត្តិសាស្ត្រ និងសាធារណៈ។ មានន័យថា អាកាសយានដ្ឋាន ដែលសាងសង់ក្នុងសម័យសម្តេចតាទួត ព្រះនរោត្តម សីហនុ អាកាសយាន ដ្ឋានពោធិ៍ចិនតុង ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ មានតម្លៃជាប្រវត្តិសាស្ត្រយ៉ាងសំខាន់ដោយ គេត្រូវអភិរក្សជាប្រវត្តិសាស្ត្រ និងមិនត្រូវឱ្យបាត់បង់ទៅក្នុងដៃពាណិជ្ជកម្ម ឬការអភិវឌ្ឍណាមួយ ដែលខ្វះការការប្រុងប្រយ័ត្ននោះឡើយ។

ការភូតកុហក់របស់ក្រុមជ្រុលនិយមអំពី «ការលក់» អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុង មិនមែនជាពាក្យចចាមអារ៉ាមដែលគ្មានកំហុសនោះទេ វាគឺជាការបំភ្លៃដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំផ្លាញឯកភាពជាតិ និងជាចេតនាវាយប្រហារចង់បំបែកជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋពីភាពដឹកនាំដ៏អង់អាចរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលកំពុងតែដឹកនាំប្រទេសឈានទៅសម្រេចស្នាដៃថ្មីៗគួរជាទីមោទន។ ដូច្នេះនៅពេលដែលការដឹកនាំរបស់រាជរដ្ឋាភិបាល កាន់តែសម្រេចបាននូវស្នាដៃរបស់ខ្លួនកាន់តែច្រើនឡើង, សំឡេងជ្រុលនិយមទាំងនេះ កាន់តែធ្វើការនៅក្នុងស្រមោល ហើយអំពើសាបព្រួសនូវព័ត៌មានមិនពិតរបស់ពួកគេ កាន់តែបង្ហាញនូវទង្វើក្បត់ជាតិរបស់ខ្លួនឯងកាន់តែខ្លាំង ដែលនឹងកាន់តែឯកោពីមួយថ្ងៃទៅ មួយថ្ងៃជាមិនខានឡើយ។

* យើងនាំគ្នាថ្កោលទោសព័ត៌មានបំពុលជាតិរបស់ក្រុមជ្រុលនិយម
ការភូតកុហក់របស់ក្រុមជ្រុលនិយមអំពី «ការលក់» អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាល្បិចដដែលៗ ដែលជាព័ត៌មានបង្កភាពសង្ស័យ និងញុះញង់ និងមានលក្ខណៈបំពុលសាធារណមតិតែប៉ុណ្ណោះ។ យើងត្រូវចងចាំថា ព័ត៌មានកុហករបស់ក្រុមជ្រុលនិយម មិនដែលផ្តល់នូវដំណោះស្រាយអ្វីទេ ប៉ុន្តែគឺជាព័ត៌មានបំពុលជាតិខ្មែរខ្លួនឯងក្រោមការជឿលង់របស់មេខ្លោងក្បត់ជាតិ សម រង្ស៊ី ដែលប្រវត្តិសាស្ត្របានថ្កោលទោសជាមនុស្សបំផ្លាញជាតិតែប៉ុណ្ណោះ។ឮ

ការផ្លាស់ប្តូរទីតាំងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាជំហានឆ្ពោះទៅអនាគតរបស់ប្រទេសកម្ពុជា ដែលផ្អែកលើមោទនភាពជាតិ វឌ្ឍនភាពបច្ចេកទេស និងផលប្រយោជន៍សាធារណៈ។ ការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការរក្សាអាកាសយានដ្ឋានពោធិ៍ចិនតុងដាក់ជាសម្បត្តិរដ្ឋ បានឆ្លុះបញ្ចាំងពីទស្សនវិជ្ជាអភិបាលកិច្ចដែលមានភាពចាស់ទុំ និងប្រកបដោយស្នេហាជាតិ។

ចូរយើងទាំងអស់គ្នា នាំគ្នាថ្កោលទោសនូវព័ត៌មានក្លែងបន្លំ, ព័ត៌មានញុះញង់ដែលមានចរិតចង់បំផ្លាញជាតិ និងចូរយើងទាំងអស់គ្នា សូមកុំបណ្តោយឲ្យសំឡេងនៃពួកជ្រុលនិយមបំបាំងនូវការពិតឱ្យសោះ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុង មិនមែនសម្រាប់លក់ទេ ហើយក៏មិនដែលបានដាក់លក់ដែរ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុង គឺជានិមិត្តរូបនៃអតីតកាលរបស់យើង ជាធនធានសម្រាប់ប្រជាជនរបស់យើង និងជាមរតកដែលត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ៕