(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្ដចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន។

សារអំពាវនាវរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ជីវិត» ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ វិនិយោគ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរំលឹកថា ផ្ដើមចេញពីការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកបានចូលរួមសកម្មភាពមនុស្សធម៌លើកដំបូងដោយការស្ម័គ្រចិត្តផ្ដល់ឈាម ដែលធ្វើឡើងស្របពេលថយចុះ នៃចំនួនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមានការធ្លាក់ចុះនូវស្ដុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយមកទល់ពេលនេះ លោកបានសម្រេចការបរិច្ចាគឈាមចំនួន១៤លើកហើយ។

តាមរយៈការអំពាវនាវ របស់សម្ដេចតេជោ និងការស្វែងយល់ពីតម្រូវការជាក់ស្ដែង ហើយជាពិសេសការយល់ពីអត្ថន័យ នៃការផ្ដល់ឈាមមួយប្លោក នឹងអាចចូលរួមជួយទៅដល់នរណាម្នាក់ បានក្លាយជាចំណុចចាប់ផ្ដើម នៃការមើលលើអត្ថប្រយោជន៍រួម នៃការលះបង់របស់យើងម្នាក់ៗ ដែលការលះបង់នេះ គឺជាការលះបង់ដ៏ធំធេងលើសពីការលះបង់ថវិកា ប៉ុន្តែជាការបរិច្ចាគឈាមខ្លួនឯងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង។ លោកជឿជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា ហើយលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមក្នុងយុទ្ធនាការនេះ ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា៕