(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏ពិសេសនៃថ្ងៃកំណើតរបស់បណ្ដាញព័ត៌មាន Fresh News ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក តែងតែជប់លៀងជូនបុគ្គលិក ឬនាំបុគ្គលិកធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ប៉ុន្តែនៅក្នុងឱកាសខួប១១ឆ្នាំនេះ លោកអគ្គនាយក បានរៀបចំកម្មវិធីជប់លៀង ជូនបុគ្គលិកនៅទីស្នាក់ការកណ្តាល ព្រមទាំងចែកថវិកាម្នាក់២០០ដុល្លារ និងចាប់រង្វាន់ធំទឹកប្រាក់ ៣០០០ដុល្លារ។

ខួប១១ឆ្នាំនេះលោក លឹម ជាវុត្ថា បានផ្តល់កាដូពិសេសជូនបុគ្គលិក តាមរយៈការចាប់រង្វាន់ ក្នុងនោះរួមមានរង្វាន់ធំលេខ១ ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ, ម៉ូតូម៉ាក Let's, កុំព្យូទ័រ Apple, ទូរស័ព្ទ iPhone 16 Max pro 256, កាមេរ៉ា Sony A7M3។ នៅក្នុងឱកាសនោះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានអញ្ជើញមកចូលរួមផងដែរ។

លោក លឹម ជាវុត្ថា បានថ្លែងទៅកាន់បុគ្គលិកនៅក្នុងឱកាសនោះថា «យើងនៅជាមួយគ្នា១១ឆ្នាំហើយ ភាពលូតលាស់និងជោគជ័យរបស់ Fresh News នៅពេលនេះ នឹងមិនអាចកើតបានឡើយ ប្រសិនបើគ្មានបងប្អូនទាំងអស់ចូលរួមជួយសម្រេចកិច្ចការនេះ, ខ្ញុំមិនអាចដឹកនាំបណ្តាញព័ត៌មាន Fresh News ឲ្យទទួលបានជោគជ័យតែម្នាក់នោះទេ, ដោយសារវត្តមានរបស់បងប្អូនទាំងអស់គ្នា និងមានគុណសម្បត្តិគ្រប់ផ្នែកទាំងអស់ ទើប Fresh News ឈានជើងមកដល់ពេលនេះ និងទទួលបានជោគជ័យដូចថ្ងៃនេះ»

Fresh News ជាបណ្តាញផ្សព្វផ្សាយបែបទំនើបក្នុងយុគ្គសម័យនៃការរីកចម្រើនផ្នែកឌីជីថល ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ Fresh News ត្រូវបង្កើតឡើងដោយលោក លឹម ជាវុត្ថា និងសហស្ថាបនិករបស់លោកគឺលោក គឹម ម៉េង។

Fresh News ត្រូវបានបង្កើតឡើងដោយប្រើមធ្យោបាយបែបទំនើប ដោយបញ្ជូនព័ត៌មានទៅដល់ទូរស័ព្ទរបស់មិត្តអ្នកអានរបស់ខ្លួនតែម្តង។ បើទោះបី Fresh News ចាប់កំណើតក្នុងពេលមានការប្រកួតប្រជែង និងប្រឈមជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងជាមួបណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គម Facebook ក្តី តែអង្គភាពព័ត៌មាន ដែលទទួលបានការគាំទ្រពីអ្នកអានគ្រប់ឋានានុក្រម និងស្រទាប់វណ្ណៈមួយនេះ នៅតែអាចបន្តឈរជើងដោយភាពរឹងមាំ។

អគ្គនាយក លឹម ជាវុត្ថា បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់បន្តប្រឹងប្រែងរួមគ្នា ជាកម្លាំងថែមទៀត ដើម្បីឱ្យអង្គភាពព័ត៌មាន Fresh News នៅតែអាចឈរជើងរឹងមាំលើការផ្សព្វផ្សាយព័ត៌មាន ហើយអាចផ្តល់នូវព័ត៌មានបានកាន់តែល្អប្រសើរ ដល់មិត្តអ្នកអាន ក្រោមទិសស្លោកថា «Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»។

ឱកាសខួប១១ឆ្នាំនេះ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផលិតផលគ្រប់រូប ដែលបន្តផ្តល់ការគាំទ្រផ្សព្វផ្សាយលើបណ្តាញព័ត៌មាន Fresh News។ សម្រាប់លោក លឹម ជាវុត្ថា ការគាំទ្រផ្នែកផ្សព្វផ្សាយពីសំណាក់ម្ចាស់អាជីវកម្មនានានៅកម្ពុជា គឺជាដៃគូសហការ និងគាំទ្រដ៏ខ្លាំងក្លាឱ្យ បណ្តាញព័ត៌មាន Fresh News អាចឈរជើងរឹងមាំ លើការផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការងារជូនបុគ្គលិកផងដែរ៕