(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្ស-យុវជន នៅស្រុកតាំងគោក ក៏ដូចជានៅស្រុកភូមិដទៃ សូមចូលរួមលេង និងលើកស្ទួយវិស័យកីឡា​ឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដី ឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដី ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗ។

លោក ហាក់ ម៉ុងហួត បានថ្លែងដូចនេះនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» ដែលការប្រកួតនេះរៀបចំឡើងដោយរដ្ឋបាលស្រុកតាំងគោក ដើម្បីរឹត​ចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹង និងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។

លោក ហាក់ ម៉ុងហួត បានថ្លែងទៀ់តថា ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះ គឺនាំមកនូវសុខភាពរាយកាយ និងបញ្ញា បង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍ និងទំនាក់ទំនងល្អ​ប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព (ភាពជាបងប្អូន)។ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃ១៦ខែឧសភា ឆ្នាំ២០២១ និងដោយឈរ​លើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិ្ត បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់​ទៅដោយភាពជោគជ័យ​គួរជាទីមោទនៈ។

លោក ហាក់ ម៉ុងហួត ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» នេះឡើង​រហូតទាល់បិទបញ្ចប់​វគ្គផ្តាច់ព្រ័តនេះ​​​លើទឹកដីស្រុកតាំងគោក ខណៈកន្លងទៅក៏មានការប្រកួតកម្រិតថ្នាក់ស្រុកជាច្រើនលើកមកហើយដែរ។ ការរៀបចំឱ្យមានការប្រកួតនេះ គឺស្របទៅនឹងការជំរុញរបស់រាជរដ្ឋាភិបាល ជាក់ស្ដែង កាលពីអំឡុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះលើកទី១ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋម្នាក់ៗចូលរួមលេងកីឡា បង្កើតព្រឹត្តិការណ៍ប្រកួតកីឡា​ឱ្យបានច្រើន ដើម្បីលើកស្ទួយវិស័យកីឡាជាតិ។

បើតាមលោក អៀង ប៊ុនហាន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជំរុះវិលជុំ «ពានរង្វាន់មហាជនស្រុកតាំងគោក» នេះ សរុបមានចំនួន ៨ក្រុម ដែលក្នុងនោះមានកីឡាករសរុប ២៥០នាក់ ប្រតិភូដឹកនាំ គ្រូបង្វឹក២៤នាក់ និងក្រុមអាជ្ញាកណ្ដាល ១៥នាក់ ខណៈក្រុមទាំង៨នោះរួមមាន៖ ក្រុមពង្ររួមមិត្ត, ក្រុមឃាតកចិត្តព្រាន, ក្រុមតោរោមមាស, ក្រុមអធិរាជសេះស, ក្រុមតាខ្មៅ, ក្រុមដំរីស្នេហ៍ច័ន្ទ, ក្រុមហង្សភ្លើង ក្រុមខ្លាកំណាចតាំងគោក។

លោកប្រធាន អៀង ប៊ុនហាន បានបន្តថា ការប្រកួតបាល់ទាត់នេះដែរ មានរយៈពេល៦ខែ ចាប់ពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ភាគច្រើនគឺប្រកួតនៅថ្ងៃសៅរ៍-អាទិត្យ ដែលសម្រាកពីការសិក្សានិងការងារ ក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។ក្រុមដែលទទួលបានពាននៅវគ្គផ្តាច់ព្រ័តគឺ លេខ១ ក្រុមដំរីស្នេហ៍ច័ន្ទ លេខ២ ក្រុមហង្សភ្លើង និងលេខ៣ ក្រុមតោរោមមាស៕