(ក្រចេះ)៖ មានជនអនាមិកបានប្រើគណនីតេឡេក្រាម Telegram ឈ្មោះ Mang Channy 157 ដោយបានយករូបថត របស់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ តាំងក្នុង ប្រូហ្វាល់ Profile របស់ខ្លួន ជាលក្ខណៈ ការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពី ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា។

ដើម្បីចៀសវាងការភ័ន្តច្រលំពីគ្រប់មជ្ឈដ្ឋាន សាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ សូមបំភ្លឺដល់ព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសាធារណៈជន គ្រប់មជ្ឈដ្ឋានជ្រាបថា ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្ត ព្រះវិហារធំសសរ១០០ មានតេឡេក្រាមរបស់ខ្លួនគឺ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ដែលជាព្រះ នាមរបស់ព្រះអង្គផ្ទាល់។

ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ព្រះអង្គមិនធ្លាប់បង្កើត/ឬប្រើគណនីតេឡេក្រាមឈ្មោះ Mang Channy157 នោះឡើយ។

ក្នុងករណី មានការបង្ហោះ ឬផ្ញើសារណាមួយចេញពី គណនីតេឡេក្រាមឈ្មោះ Mang Channy157 ខាងលើនេះ ជាពិសេសការផ្ញើសារ (Chat) ដើម្បីឲ្យភ្នាក់ងារវេរលុយ (បច្ច័យ) ទៅនរណាផ្សេង ឬពាក់ព័ន្ធនយោបាយ ឬបទល្មើសផ្សេងៗនោះ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្ល ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំសសរ១០០ សូមបដិសេធ និងមិនទទួលខុសត្រូវឡើយ។

សាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ សង្ឃឹមជឿជាក់ថា និងបានជាមូលដ្ឋានសម្រាប់ព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មន្ត្រីរាជការ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងសាធារណៈជន គ្រប់មជ្ឈដ្ឋាន ធ្វើការពិចារណាប្រកបដោយសុភវិនិច្ឆ័យ ជ្រាបច្បាស់នូវការពិត និងមិនមានការភ័ន្តច្រឡំ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ សាលាអនុគណស្រុកសំបូរ វត្តព្រះវិហារធំសសរ១០០ និងព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា៕