(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងកោតសរសើរ ដល់កម្លាំងនគរបាលជាតិ ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាពិសេសគ្រោះអគ្គិភ័យ នាពេលកន្លងមក។

ការថ្លែងកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ​ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ធ្វើការកើតសរសើរ ចំពោះការត្រៀមលក្ខណៈ និងការចេញប្រតិបត្ដិការកន្លងមក របស់នគរបាលជាតិ សហការជាមួយបណ្ដាអង្គភាពស្ថាប័នផ្សេងៗ នៅក្នុងការសង្គ្រោះគ្រោះមហន្ដរាយ ជាពិសេសតាមអគ្គិភ័យ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់យកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ។

ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្ដម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវជាខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលត្រូវបានរៀបចំធ្វើឡើង​យ៉ាង​មហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែន​នីមួយៗ ​​របស់កម្លាំង​នគរបាល​ជាតិផងដែរ។

នគរបាល​ជាតិ​ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វិរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ តាម​រយៈ​ព្រះរាជក្រម​លេខ៣៥ នស ចុះ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ១៩៤៥ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ និង​កិច្ចការ​នយោបាយ។

ដែល​កាលនោះ​ កម្ពុជា​ទទួល​បាន​ឯករាជ្យ​លើក​ទី​មួយ មាន​រយៈពេលជិត​៧ខែ គឺ​ចាប់ពី​ថ្ងៃ​ទី១៨ ខែ​មីនា ដល់​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ១៩៤៥ ក្រោយពី​ស្ថិត​ក្រោម​អាណានិគម​បារាំង ៨២ឆ្នាំ។

​កងកម្លាំង​នគរបាល​ជាតិ​ មានតួនាទីរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារ​ណៈ និង​សុវត្ថិភាព​សង្គម ការពារ​សុវត្ថិភាព សណ្ដាប់​ធ្នាប់ នៃ​សកម្មភាព​បាតុកម្ម-កូដកម្ម បញ្ចៀស​នូវ​រាល់​សកម្មភាព​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​បាវចនា​​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ។

បន្ថែមលើនេះ គឺប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្ត​ច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទ​ល្មើស​ព្រៃឈើ ល្បែង​ស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកប​ដោយ​គុណធម៌ -ល-៕