(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានស្នើប្រជាពលរដ្ឋកុំឆ្លៀត​ញុះញង់ និងបំផុសឱ្យមានការយល់ខុសនៅពេលឃើញវីដេអូកងកម្លាំងកម្ពុជា ទៅសិក្សានៅបរទេស ខណៈដែលរវាងប្រទេសជាមិត្ត តែងតែមានការផ្លាស់ប្តូរការហ្វឹកហ្វឺនជាមួយគ្នា ដើម្បីទទួលបានបទពិសោធ៍ថ្មីៗ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅខេត្តកណ្ដាល។

ចំពោះមុខអង្គពិធី សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំងអស់ ដែលបានផ្ដល់ការសហការគាំទ្រដល់ការបណ្ដុះបណ្ដាលកងទ័ព ក៏ដូចជាកងនគរបាលជាតិគ្រប់ជំនាញទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកន្លងទៅ បើនិយាយដោយឡែកគឺកងនគរបាលជាតិ។

ការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋសូមកុំធ្វើការញុះញង់ឱ្យមានការយល់ខុស ចំពោះរូបភាពឬវីដេអូរបស់កងកម្លាំងកម្ពុជាសិក្សានៅឯបរទេស។ ដោយសម្ដេចបវរធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំសុំឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ខ្ញុំឃើញមានការបង្ហោះសារផ្សេងៗហាក់ដូចជារសើបណាស់ នៅក្នុងការធ្វើទំនាក់ទំនងរបស់កម្ពុជា ជាមួយនឹងប្រទេសជិតខាង...។ ពេលខ្លះឃើញនគរបាលជាតិយើងទៅធ្វើការបណ្ដុះបណ្ដាលនៅប្រទេសមួយ ចោទថាយើងក្លាយជាជាតិ(សាសន៍)នោះហើយ ដល់ឃើញជាតិនោះសិក្សាភាសាយើង ចោទថាគេត្រៀមមកត្រួតយើងហើយ គឹអត់មានទេ..ដូច្នេះសូមបងប្អូនកុំលាបពណ៌»

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថាសម្រាប់កងនគរបាលជាតិកម្ពុជា នៅតែជាកងនគរបាលជាតិកម្ពុជា ទោះបីជាទៅសិក្សាដល់ប្រទេសណាក៏ដោយ ព្រោះកងនគរបាលទាំងអស់គិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ៕