(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។

សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។

សម្តេចបានបន្តថា កាលពីឆ្នាំ១៩៩៥​ រាជរដ្ឋាភិបាល បានមានកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការ មិនមែនសិទ្ធិគ្រប់គ្រងទេ​ ហើយរដ្ឋជាម្ចាស់ដដែល​ គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិលដែលជាអ្នកគ្រប់គ្រង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ព្រលានយន្តហោះពោធិ៍ចិនតុង ប៉ុន្មានថ្ងៃនេះឃើញនិយាយផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះថា ច្បាស់ណាស់ រាជរដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឲ្យវិស័យឯកជន ១៥ឆ្នាំមុន។ តើបាន មកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «បើមានសូមឲ្យឯកសារហ្នឹងមកក្រែងខ្ញុំមិនដឹង។ ព្រោះមានតែ២នាក់ទេ ដែលមានសិទ្ធិក្នុងការសម្រេចដោះដូរ គឺសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៅអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ។ យើងទាំងពីរអ្នក អត់ដែលបានដឹងពីគម្រោងនៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅណា។ អីចឹង អ្នកដែលនិយាយជជែកគ្នា ខ្ញុំសុំឲ្យបញ្ចប់។ ម៉ោងនេះ ពេលនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍ ដែលថាកន្លែងណា ដែលសម្រេចលក់ព្រលានយន្តហោះនេះទេ»

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទដំណើរការទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២៥ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។ វាលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចទីក្រុងភ្នំពេញ ក្នុងស្រុកពោធិ៍សែនជ័យ។

ក្រោយដំណឹងនៃការបិទដំណើរការ ស្រាប់តែមានការលើកឡើងដោយគ្មានមូលដ្ឋានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវលក់ទៅឲ្យវិស័យឯកជន៕