(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានសម្រេចវឌ្ឍនភាពសាងសង់បាន១០០% នឹងបានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងដូចនេះជា« ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០%។
លោក ផន រឹម បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕