(សៀមរាប)៖ លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំអេដស៍ សើរស្បែក និងកាមរោគ និងសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ព្រឹត្ដិការណ៍ «ម=ម» ដែលប្រារព្ធធ្វើនៅមុខប្រាសាទអង្គរវត្ដនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គឺជាសារដ៏មានឥទ្ធិពល និងក្ដីសង្ឃឹមដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកកំពុងព្យាបាល និងប្រឈមមុខនឹងមេរោគអេដស៍
លោកសាស្ដ្រាចារ្យជំនួយបានបញ្ជាក់ថា «សារនេះ គឺជាការផ្សព្វផ្សាយណែនាំពួកគាត់មកទទួលសេវាលេបថ្នាំឱ្យបានត្រឹមត្រូវ ជាប់លាប់ទៅតាមការណាត់របស់គ្រូពេទ្យ ព្រោះថាការព្យាបាលបានត្រឹមត្រូវ ជាប់លាប់ នឹងធ្វើឱ្យកំហាប់ឈាមបន្ទុកមេរោគអេដស៍ធ្លាក់ក្នុងកម្រិតមួយទាប ដែលយើងមិនអាចធ្វើតេស្ដរកមេរោគអេដស៍ឃើញ គឺតិចជាង៥០ ក្នុងមួយមីលីលីត្រម៉ែត្រគីបនៃឈាម ពេលនោះគាត់នឹងរស់នៅធម្មតា ដូចជាអ្នកមិនឆ្លងមេរោគអេដស៍ មានន័យមេរោគអេដស៍លែងចម្លងតាមរយៈផ្លូវភេទទៀតនោះទេ»។
«លើសពីនោះសារនេះក៏បានផ្ដល់ប្រយោជន៍ដល់អ្នកប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ ឱ្យហ៊ានធ្វើតេស្ដរកមេរោគអេដស៍ ព្រោះថា កាលណាធ្វើតេស្ដបានលឿន គឺបានទទួលការព្យាបាលក៏ឆាប់ នោះនឹងមិនឆ្លងមេរោគអេដស៍ និងមិនចម្លងមេរោគអេដស៍ទៅអ្នកដទៃ។ ដូច្នេះយុទ្ធសាស្ដ្រនេះយើងចំណេញច្រើន ដោយបានទាំងការព្យាបាលផង និងបង្ការការចម្លងផង»។
លោកបានបញ្ជាក់ថា ម=ម មកពីពាក្យអង់គ្លេស «U=U» (Undetectable = Untransmittable) ប្រែជាខ្មែរថា គឺការធ្វើតេស្ដរកមេរោគអេដស៍មិនឃើញ ស្មើនឹងមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ។
ព្រឹត្ដិការណ៍ «ម=ម» គឺបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពពីលោកស្រី Winnie BYANYIMA (វីននី ប៊ីយ៉ានីយីម៉ា) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និងវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ព្រឹត្ដិការណ៍នេះក៏មានការចូលរួមពីលោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍, លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប, លោក នាក់ ណេរុន អភិបាលរងខេត្តសៀមរាប, តំណាងអ្នកផ្ទុកមេរោគអេដស៍ និងយុវជន អ្នកស្ម័គ្រចិត្ត ជាច្រើនរយនាក់ទៀត។
នៅក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ ក៏មានការលេងឆៃយុំាអបអរសាទរ និងមានការជិះកង់ និងម៉ូតូកង់បីប្រមាណជាង ១៥០ កង់-ម៉ូតូកង់បី ដង្ហែក្បួន ចាប់ពីមុខប្រាសាទអង្គរវត្ដ ស្របតាមទក្សិណខាងត្បូងមកាន់ផ្លូវធំ ឆ្ពោះមកកាន់ក្រុងសៀមរាប ដោយឆ្លងកាត់ទីប្រជុំជន មន្ទីរពេទ្យ សណ្ឋាគារ កាត់តាមផ្លូវព្រះរាជដំណាក់ ស្របតាមផ្លូវមាត់ស្ទឹងសៀមរាប -ល- ហើយក៏មានការបង្ហោះប៉េងប៉ោងបិទកម្មវិធីយ៉ាងអ៊ូរអ៊រផងដែរ៕