(ភ្នំពេញ)៖ ឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២៥ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។

លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចទីក្រុងភ្នំពេញ ក្នុងស្រុកពោធិ៍សែនជ័យ ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋាន​ដំបូងគេរបស់កម្ពុជា និងជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ​ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ​១៩៥៧ ​និងសម្ពោធដាក់ឱ្យដំណើរការទទួលអ្នកដំណើរផ្លូវអាកាស នៅថ្ងៃទី១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។

​ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺជាច្រកចូលអន្តរជាតិចម្បង និងជាព្រលានយន្តហោះដ៏សកម្មបំផុត នៅប្រទេសកម្ពុជា​ និងជាទីតាំងដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្ត្ររបស់វិស័យអាកាសចរណ៍កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនត្រឹមតែជាច្រកចូលសំខាន់របស់រាជធានីទេ ប៉ុន្តែថែមទាំងជាគន្លងសេដ្ឋកិច្ចសំខាន់ ក្នុងការនាំចេញ និងនាំចូលផលិតផល ព្រមទាំងជាគន្លងដឹកជញ្ជូន សម្រាប់រដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការអន្តរជាតិជាច្រើន។ លើសពីនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិ និងថ្នាក់ដឹកនាំៗធំពីបណ្តាប្រទេសនានា រួមទាំងមហាអំណាចរបស់ពិភពលោកផងដែរ។

​ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មានដើមកំណើតនៃការចាប់ផ្តើមសាងសង់ដំបូង តាំងពីសម័យកាន់កាប់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ដោយកាលនោះមានព្រលានយន្តហោះជាច្រើន រួមទាំងព្រលានយន្តហោះពោធិ៍ចិនតុងផងនោះ ត្រូវបានកសាងឡើងដោយការប្រើកម្លាំងពលកម្មបង្ខំ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣ ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ បានចាប់ផ្តើមកិច្ចខិតខំលើកស្ទួយវិស័យអាកាសចរណ៍ ដោយធ្វើការអភិវឌ្ឍលើទីតាំងពោធិ៍ចិនតុង។

ក្នុងសង្គ្រាមស៊ីវិលកម្ពុជា ព្រលានយន្តហោះពោធិ៍ចិនតុង បានក្លាយជាកន្លែងសំខាន់សម្រាប់អាកាសដឹកជញ្ជូនសម្រាប់ផ្នែកយោធា និងមនុស្សធម៌។ ចន្លោះខែតុលា ដល់ខែធ្នូ១៩៧៣ យន្តហោះ C-130 របស់កងទ័ពអាកាសអាមេរិក បានដឹកអង្ករប្រមាណ ៣,០០០ តោន មកភ្នំពេញតាមរយៈព្រលានយន្តហោះនេះ។ បន្ទាប់ពី ខ្មែរក្រហម ចាប់កាន់កាប់អំណាចនៅខែមេសា ១៩៧៥ ​ដំណើការព្រលានយន្តហោះនេះ ត្រូវបានដាក់កម្រិតយ៉ាងខ្លាំង មានតែ​ភ្ញៀវអន្តរជាតិ​មកពីប៉េកាំង និង ព្យុងយ៉ាងប៉ុណ្ណោះ​ ដែលបានចេញចូលធ្វើដំណើរតាមរយៈព្រលានយន្តហោះនេះ។

នៅឆ្នាំ១៩៩៥ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានពង្រីកវិសាលភាព ដើម្បីឆ្លើយនឹងកំណើនអ្នកដំណើរ ដែលចេញចូលប្រទេសកម្ពុជា។ ក្នុងឆ្នាំ ១៩៩៥ រដ្ឋាភិបាល​កម្ពុជា ​បានចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុន SCA ដើម្បី​អភិវឌ្ឍព្រលានយន្តហោះនេះ។ ក្រុមហ៊ុននេះ បានអភិវឌ្ឍ​ហេដ្ឋារចនាសំខាន់ៗ រួមមានការសាងសង់ផ្លូវដើរយន្តហោះថ្មី ​ចំណតយន្តហោះ អគារដឹកទំនិញ និងការដំឡើងប្រព័ន្ធចរាចរណ៍ទំនើប។ នៅ​ឆ្នាំ២០០២ ព្រលានយន្តហោះនេះមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដែលធ្វើឱ្យព្រលានយន្តហោះនេះ មានលទ្ធភាពទទួលអ្នកដំណើរ​បាន ៥លាននាក់ក្នុង១ឆ្នាំ។ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០០៣​ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​។

គិតមកដល់ឆ្នាំ២០២៥នេះ ព្រលានយន្តដ៏ចំណាស់មួយនេះ ​បានក្លាយជានិមិត្តរូបនៃការហោះហើររបស់កម្ពុជាជាច្រើនឆ្លងកាត់ជាច្រើនសម័យកាលមកហើយ ចាប់តាំងពីសម័យសង្រ្គាម មកទល់កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ នាពេលបច្ចុប្បន្ននេះ។

* អនុស្សាវរីយ៍ និងការចងចាំ

លើសពី​ទីតាំងតភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិ ព្រលានយន្តហោះពោធិ៍ចិនតុង បានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់ដែលប្រជាពលរដ្ឋកម្ពុជា ដោយទីកន្លែងនេះហើយ ធ្វើឱ្យពួកគេ​ជួបទាំងអារម្មណ៍រំភើបសប្បាយរីករាយ ​បន្ទាប់ពីជួបជុំគ្នា និងជាកន្លែងលាគ្នាទាំងស្រណោះអាល័យ។

អ្នកស្រី ឱក សេរីរ័ត្ន បានរម្លឹកពីអនុស្សាវរីយ៍ល្អៗ និងការចងចាំជាច្រើន​ ជាមួយព្រលានយន្តហោះពោធិ៍ចិនតុងថា ​​​​​កាលនៅក្មេងអ្នកស្រីធ្លាប់ ជូនសាច់ញាតិទៅបរទេស ​និងបានឈរនៅរបងមើលយន្តហោះហោះឡើងពិតជារំភើបណាស់។​ហើយទីនោះក៏ជាកន្លែងដែលអ្នកស្រីជិះយន្តហោះលើកដំបូង នៅក្នុងឆ្នាំ២០១៦ ដែលបានធ្វើដំណើរទៅបរទេសជាមួយគ្រួសារ។ ជាពិសេសការធ្វើដំណើរក្នុងអំឡុងពេលកូវីដ ត្រូវឆ្លងកាត់ពិនិត្យឯកសារយូរ ពីក្រុមហ៊ុនអាកាសចរណ៍ ស្ទើរតែ​​ជិតដល់ម៉ោងយន្តហោះចេញ។ ​

អ្នកស្រី យួង វិច្ចនី បុគ្គលិកក្រុមហ៊ុនឯកជនមួយ ដែលធ្វើដំណើរចេញ-ចូលក្រៅប្រទេសញឹកញាប់ បានលើកឡើងថា ព្រលានយន្តហោះពោធិ៍ចិនតុង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួល និងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករឱ្យមកកម្ពុជា ដែលបានចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

អ្នកស្រីបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសយានដ្ឋានអន្តរជាតិពោធិ៍តុង បានអភិវឌ្ឍយ៉ាងខ្លាំងទាំងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងកាន់តែទំនើប ផ្តល់ភាពងាយស្រួលដល់អ្នកដំណើរច្រើនជាងមុន។ បើទោះបីជា ព្រលានយន្តហោះ​បិទដំណើរការក៏ដោយ ប៉ុន្តែនៅតែចង់ចាំអនុស្សាវរីយ៍ល្អនៅទីនោះ។ (សំលេង)

​នៅពេលដ៏ខ្លីខាងមុខ ទីតាំងព្រលានយន្តហោះដែលមានអាយុកាលជិត៧០ឆ្នាំមួយនេះ នឹងត្រូវបិទដំណើរការទាំងស្រុង។ ដោយប្រតិបត្តិការទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូល នឹងត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតលើផ្ទៃដីជាង ២ ៦០០ហិចតា ក្នុងខេត្តកណ្តាល និងភ្ជាប់ទៅផ្នែកខ្លះនៃខេត្តតាកែវ។ ​

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន៥ បាននឹងកំពុងប្រតិបត្ដិការ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ទាំង ៣១នេះ នឹងផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបើកដំណើរការ។

​យោងតាមរបាយការណ៍ រយៈពេល៤ខែ ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានជាង២ម៉ឺនជើង កើនឡើងជាង១៧% ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤៕