(សៀមរាប)៖ ក្រោមកិច្ចសហការជាគ្នារវាងកម្ពុជា និងUNAIDS នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាបានប្រារព្ធព្រឹត្ដិការណ៍ «ម​=ម» ដែលប្រព្រឹត្ដទៅនៅមុខប្រាសាទអង្គរវត្ដ ខេត្ដសៀមរាប។ ម=ម មកពីពាក្យអង់គ្លេស «U=U» (Undetectable = Untransmittable) ប្រែជាខ្មែរថា គឺការតេស្ដរកមេរោគអេដស៍មិនឃើញ ស្មើនឹងមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ។

ក្នុងពិធីខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពពីលោកស្រី Winnie BYANYIMA (វីននី ប៊ីយ៉ានីយីម៉ា) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ព្រឹត្ដិការណ៍នេះក៏មានការចូលរួមពីលោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍, លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប, លោក នាក់ ណេរុន អភិបាលរងខេត្តសៀមរាប, លោកសាស្រ្តារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំអេដស៍ សើរស្បែក និងកាមរោគ និងសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ តំណាងអ្នកផ្ទុកមេរោគអេដស៍ និងយុវជន អ្នកស្ម័គ្រចិត្ត ជាច្រើនរយនាក់ទៀត។

លោកស្រី Winnie BYANYIMA បានថ្លែងថា ការរៀបចំព្រឹត្ដិការណ៍ ម=ម នេះ ពិតជាមានសារសំខាន់ណាស់ ហើយកាន់តែអស្ចារ្យនោះ គឺបានរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ដ។ ព្រឹត្ដិការណ៍ «ម​=ម»នេះ ជាគោលការណ៍មួយដ៏ល្អ ដែលមានន័យថា អ្នកដែលមានផ្ទុកមេរោគអេដស៍ កាលណាទទួលបានការព្យាបាលគ្រប់គ្រាន់ បានត្រឹមត្រូវ គឺគាត់មានសុវត្ថិភាព មិនអាចមានមេរោគអេដស៍ ស្មើមិនចម្លងមេរោគអេដស៍ ទៅអ្នកដទៃបាន គាត់អា​ចធ្វើការបាន រៀបការ មានគ្រួសារ និងមានកូនបានដូចមនុស្សធមម្មតា ដោយមានការឆ្លងមេរោគអេដស៍ដល់គ្រួសារនោះឡើយ។

លោកស្រីបន្ដថា «ការបង្កើតឱ្យមានព្រឹត្ដិការណ៍ ម=ម គឺអាចជួយកាត់បន្ថយការរើសអើង ពិសេសឈានទៅបញ្ចប់មេរោគអេដស៍។ ដូច្នេះយើងត្រូវជួជំរុញសារម=មនេះ ឱ្យលឺរន្ទឺនៅលើពិភពលោក ដើម្បីស្វែងរកការគាំទ្រដល់សហគមន៍របស់យើង»។

ជាមួយគ្នានោះលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងផងដែរថា ព្រឹត្តិការណ៍ ម=ម ដែលកំពុងដំណើរការនេះ គឺជាសក្ខីកម្មមួយយ៉ាងប្រត្យក្ស បង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥នៃគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងនិរន្តរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨។

ដូច្នេះក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន, លោកស្រីពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធីនៃព្រឹត្តិការណ៍ ម=ម រៀបចំឡើងនៅមុខប្រាង្គប្រាសាទអង្គរវត្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិនៃអង្គការ
យូ.អិន.អេដស៍។

ទន្ទឹមនឹងនោះលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ លោកជំទាវ វីន ប៊ីយ៉ានីយីម៉ា នៅកម្ពុជា និងចំពោះការផ្តល់កិត្តិយសមានវត្តមានលើកទឹកចិត្តយ៉ាងធំធេងដល់ព្រឹត្តិការណ៍នាពេលនេះ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិប្រយុទ្ធ
នឹងជំងឺអេដស៍, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែកនិងកាមរោគ (NCHADS), ក្រសួងសុខាភិបាល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ ក្នុងព្រះរាជាណាចក្រកម្ពុជា និងអង្គការ HACC ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុង
គោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនបង-ប្អូនរួមជាតិទូទាំងប្រទេស។

នាឱកាសនោះលោកស្រី ក៏ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈបញ្ជាការខេត្ត រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចគាំទ្រនិងចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ព្រឹត្តិការណ៍ ម=ម នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ក្នុងស្មារតីសាមគ្គីភាព បង្ហាញពីសុច្ឆន្ទៈនៃការចូលរួមជាចរន្តជាតិតែមួយដើម្បីបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា។

ជាមួយគ្នានេះលោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ភាពមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ មានសិទ្ធិអំណាចរស់នៅស្មើមុខ-ស្មើមាត់ជាមួយប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមជាតិ ហើយរមែងទទួលបាននូវក្តីមេត្តាករុណា សណ្តោសប្រណី ដោយពុំមានការរើសអើង មាក់ងាយអ្វីឡើយ។

ពីលើវេទិកានេះ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា
ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, លោកស្រីបានគូសបញ្ជាក់ពីការបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងឱ្យបានទ្វេដង ដោយផ្តោតការយកចិត្តទុកដាក់លើបន្តការអប់រំលើកកម្ពស់ការយល់ដឹង ពីការបង្ការការចម្លងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នៅតាមសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ។
លើសពីនោះបន្តផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ និងបន្តធ្វើជាគំរូនៅក្នុងសង្គមជាតិលើកកម្ពស់ការមិនរើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់បង-ប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន ម=ម, នោះគឺ មានន័យថា អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ, អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា, អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ, អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។

ជាងនេះទៅទៀត លោកស្រី ម៉ែន នារីសោភ័គ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅរកសេវាប្រឹក្សាយោបល់ និងធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ដើម្បីសុខភាពរបស់ខ្លួនផ្ទាល់ និងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ។

សូមជម្រាបថានៅក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រមួយនេះ ក៏មានការលេងឆៃយុំា និងទះដៃអបអរសាទរបើកដំណើរព្រឹត្ដិការ ម=ម ហើយក៏មានការរៀបចំ ជិះកង់ និងម៉ូតូកង់បីប្រមាណជាង ១៥០ កង់-ម៉ូតូ ដង្ហែក្បួន ចាប់ពីមុខប្រាសាទអង្គរវត្ដ ស្របតាមទក្សិណខាងត្បូងមកាន់ផ្លូវធំ ឆ្ពោះមកកាន់ក្រុងសៀមរាប ដោយឆ្លងកាត់ទីប្រជុំជន មន្ទីរពេទ្យ សណ្ឋាគារ កាត់តាមផ្លូវព្រះរាជដំណាក់ ស្របតាមផ្លូវមាត់ស្ទឹងសៀមរាប -ល- ហើយក៏មានការបង្ហោះប៉េងប៉ោងបិទកម្មវិធីយ៉ាងអ៊ូរអ៊រផងដែរ៕