(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនប្រធានផ្សារទួលពង្រ២នាក់ប្ដីប្រពន្ធ រួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សាកសួរនិងចាត់ការតាមច្បាប់ កាលពីវេលាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ក្រោយពីសន្តិសុខផ្សារទួលពង្រ២នាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃដដែលនោះសារភាពថា ប្រធានផ្សារ២នាក់ប្ដីប្រពន្ធខាងលើនោះ បានបញ្ជាឲ្យពួកគេដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋក្រីក្រលក់ដូរតាមចិញ្ចើមផ្លូវទួលពង្រ ត្រង់ចំណុចមុខរោងចក្រ ហុង វ័ន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ។

ប្រធានផ្សារទួលពង្រ២នាក់ប្ដីប្រពន្ធ ដែលត្រូវអាជ្ញាធរឃាត់ខ្លួននោះប្រពន្ធឈ្មោះ ណៃ ដាណែត អាយុ៣៩ឆ្នាំ និងប្ដីឈ្មោះ ប៊ុន ស៊ិន អាយុ៣៩ឆ្នាំ ហើយអ្នកទាំង២នាក់ប្តីប្រពន្ធនេះ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពួកគាត់ត្រូវបានឃាត់ខ្លួនពេលធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី១ ចំណែកសន្តិសុខផ្សារដែលទទួលបញ្ជាពីពួកគាត់ដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋ ហើយត្រូវអាជ្ញាធរឃាត់ខ្លួនមុននោះទី១៖ ឈ្មោះ មុី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ ទី២៖ ឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័  រាជធានីភ្នំពេញ ។

ប្រជាពរដ្ឋបាននិយាយថា សន្តិសុខ២នាក់ខាងលើ បានដើរប្រមូលប្រាក់ពីពួកគាត់ជារៀងរាល់ខែ ដោយពួកគាត់ម្នាក់ៗត្រូវបង់ក្នុង១ខែៗចាប់ពី១៥ដុល្លារទៅ៣០ដុល្លារឡើង សូម្បីតែអ្នកលក់លៀសហាលក៏បងក្នុង១ខែ២០ដុល្លារដែរ។ សន្តិសុខនោះ តម្រូវឲ្យពួកគាត់បង់ប្រាក់ជាថ្នូរនិងកន្លែងលក់ បើមិនដូច្នេះទេនិងមិនឲ្យលក់ឡើយ ទង្វើបែបនេះបានធ្វើឲ្យពួកគាត់មិនពេញចិត្តឡើយ ។ ព្រោះពួកគាត់លក់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋមិនបានប៉ះពាលជាមួយទីតាំងឯកជនឬផ្សារណាមួយឡើយ ហើយរដ្ឋអំណាចបិទភ្នែកឲ្យពួកគាត់ជាជនក្រីក្រលក់ដូរអីវាន់គ្រាន់ចោញ្ចឹមក្រពះ ប៉ុន្តែបែរជាសន្តិសុខ២នាក់នោះជំរិតយកលុយពួកគាត់រាល់ខែទៅវិញ
ទើបពួកប្ដឹងទៅកាន់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យឲ្យជួយអន្តរាគមន៍ ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ នោះហើយនៅវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅឃាត់ខ្លួនសន្តិសុខ២នាក់នោះ នៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យទាំង២នាក់ខាងលើទៅកាន់ប៉ុស្តិ៍ចោមចៅទី១ ដើម្បីសួរនាំមួយជំហាន ពេលនោះសន្តិសុខ២នាក់ខាងលើបានសារភាពថា ពួកខ្លួនបានទទួលបញ្ជានិងការរៀបចំ ពីសំណាក់ឈ្មោះ ណៃ ដាណែត និងប្ដីឈ្មោះ ប៊ុន ស៊ិន ដែលជាប្រធានផ្សារទួលពង្រឲ្យដើរប្រមូលលុយពីប្រជាពលរដ្ឋដែលលក់ដូរនៅតាមចញ្ចើមផ្លូវត្រង់ចំណុចខាងលើ។

ប្រភពដែលបានប្រាប់ទៀតថា រហូតដល់វេលាល្ងាថ្ងៃដដែល នៅពេលនគរបាលកំពុងសាកសួរសន្តិសុខ២នាក់នោះ ស្រាប់តែឃើញប្រធានផ្សារទួលពង្រ២នាក់ប្ដីប្រពន្ធនោះធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី១។ ភ្លាមៗនោះក៏ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ យកទៅសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់តែម្ដង៕