(ពោធិ៍សាត់)៖ នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧២ យាងចូល៧៣ព្រះវស្សា។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំថ្មីសាលាខេត្ត ក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត, ព្រះព្រហ្មាភិរ័ត រតនបញ្ញោ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងព្រះពោធិសត្តមហាមេត្តានុរក្ស ហួត សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូចៅអធិការវត្តលលកសសុខារាម, លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីសាលាខេត្តមួយចំនួនទៀត។
ក្នុងឱកាសនេះលោក ខូយ រីដា បានអានសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថា ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្តពោធិ៍សាត់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទ សាធុការពរជ័យ បវរសួស្តីសិរីមង្គល មហាប្រសើរគ្រប់ប្រការ ប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទានព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កន្លងមក។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញាញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គប្រកបដោយព្រះរាជហឬទ័យមហាសប្បុរស សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះវស្សាដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតា រក្សាមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោកសូមប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ៕