(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងមានការសោកស្ដាយជាពន់ពេក ជាមួយក្រុមគ្រួសារទាំងអស់ នៃសពយោធិនកម្ពុជាទាំង ២រូប ដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្ម ក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

ក្នុងសារលិខិតរំលែកទុក្ខ បានសរសេរយ៉ាងដូច្នេះ «ខ្ញុំមានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងមរណភាព របស់លោក ផាត មុន្នី និងលោកស្រី ដួង មាហ្គាលី កងទ័ពមួកខៀវកម្ពុជា ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធិរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង។
មរណភាពរបស់ លោក ផាត មុន្នី និង លោកស្រី ដួង មាហ្គាលី គឺជាការបាត់បង់កូន បងប្អូន សហការី សហការិនី និងយុទ្ធមិត្តរួមការងារ ជាទីគោរពស្រលាញ់បំផុត ប្រកបដោយកតញ្ញូតាធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវធនធានយោធិនកម្ពុជាដ៏ឆ្នើម ព្រមទាំងយុទ្ធជនដ៏អង់អាច ក្លាហាន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការស្នេហាជាតិដ៏មោះមុត និងបាន បំពេញភារកិច្ចតំណាងប្រទេសជាតិក្នុងបុព្វហេតុមនុស្សធម៌ និងរក្សាសន្តិភាពជារៀងរហូតមក។
ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកនូវ មរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយក្រុមគ្រួសារសព និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃ សពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផាត មុន្នី និង លោកស្រី ដួង មាហ្គាលី សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕