(ភ្នំពេញ)៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា សម្រាប់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកម្សាន្ត នៅក្នុងរដូវកាលបៃតងនេះ គឺជាបទពិសោធន៍មួយថ្មី ដែលអាចទទួលបានការកម្សាន្ដជាមួយធម្មជាតិដ៏ស្រស់ត្រកាលបៃតង។
ការលើកឡើងបែបនេះរបស់ លោក នី ផល្លី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសធ្វើជាតំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដំណើរកម្សាន្តក្នុងស្រុក តាមតំបន់សមុទ្រ រដូវកាលបៃតង របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ដោយមានការចូលរួមពី លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមគម និងក្រុមហ៊ុនជាសមាជិក។
លោក នី ផល្លី បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកម្សាន្តនៅក្នុងរដូវកាលបៃតងនេះ គឺជាបទពិសោធន៍មួយថ្មី បទពិសោធន៍មួយពិសេស ដែលអាចទទួលបានការកម្សាន្ដជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលបៃតង ជាមួយនឹងកញ្ចប់តម្លៃ ការចំណាយតិចជាងមុន ហើយទទួលបាននូវបទពិសោធន៍ល្អមិនចាញ់ នៅក្នុងរដូវក្តៅនោះទេ ហើយយើងអាចធ្វើដំណើរទៅផ្ទាល់ ឬតាមក្រុមហ៊ុនទេសចរណ៍ ដែលគាត់បានរៀបចំនោះផងដែរ»។
លោកដ្ឋលេខាធិការបានជឿជាក់ថា យុទ្ធនាការរដូវការបៃតងជាចលនាមួយគាំទ្រ ជាពិសេសបំផុសចេញពីភ្ញៀវទេសចរក្នុងស្រុក ឱ្យមានការគាំទ្រជាច្រើនទៀត។ ហើយកោះរ៉ុង គឺជាគោលដៅទេសចរណ៍មួយ ដែលមានភាពទាក់ទាញ និងជាគោលដៅទេសចរណ៍ធម្មជាតិ ដែលចាត់ទុកថា ជាគោលដៅទេសចរណ៍ល្អឯក នៅក្នុងតំបន់អាស៊ីនេះ។
សូមបញ្ជាក់ដែរថា «រដូវកាលបៃតង» (Green Season) ជាយុទ្ធនាការដែលក្រសួងទេសចរណ៍ ប្រើដើម្បីដាក់ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» (Low Season) ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕