(ភ្នំពេញ)៖ បើទោះបីកំពុងស្ថិតនៅលើរថភ្លើងក្នុងពេសកកម្មចរចាពន្ធ​ទំនិញ​ជា​មួយសហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែបន្តពិនិត្យលើ​គម្រោង​វិនិយោគនានា ដែលបានស្នើតាមតាមរយៈប្រព័ន្ធគ្រប់គ្រង​គម្រោងវិនិយោគ​កម្ពុជា (cdcIPM)។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុម័តលើគម្រោង​វិនិ​យោគ ដែលបានស្នើផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ លោក​ឧប​នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហោះរូបភាពមួយសន្លឹកនៅលើ​រថ​យន្ត​ភ្លើងជាមួយ i-pad បង្ហាញព័ត៌មានប្រតិបត្តិការនៃការអនុម័តគម្រោង​តាម​រយៈប្រព័ន្ធ cdcIPM។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកបានពិនិត្យ និងអនុម័តគម្រោងវិនិយោគតាមរយៈប្រព័ន្ធ cdcIPM ពេលកំពុងធ្វើដំណើរតាមរថភ្លើង ក្នុងឱកាសនៃការបំពេញបេសក​កម្ម​ការ​ងារ​ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ នៅសហរដ្ឋអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយប្រព័ន្ធ cdcIPM គ្រប់​គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងត្រូវបាន​អនុម័ត​ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព​ការ​ងារខ្ពស់។

ប្រព័ន្ធគ្រប់គ្រង​គម្រោងវិនិយោគ​កម្ពុជា គឺជាប្រព័ន្ធបច្ចេកមួយ ដែលក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៤កន្លងទៅនេះ។ ប្រព័ន្ធនេះធ្វើឡើងជួយសម្រួលដល់អ្នកវិនិយោគអាចដាក់ពាក្យស្នើសុំគម្រោង​វិនិយោគនៅកម្ពុជាតាមអនឡាញនៅគ្រប់ទីកន្លែងដោយមិនលំបាក​វេច​ឯកសារទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះឡើយ។ ប្រព័ន្ធនេះ ក៏ជួយ​ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចពិនិត្យលើការស្នើសុំ​គម្រោង​វិនិយោគពីអ្នកវិនិយោគនានា ហើយក៏អាចសម្រេចលើគម្រោង​វិនិយោគ​ទាំង​នោះ​បានផងដែរ។ ទាំងការពិនិត្យ និងសម្រេច គឺអាច​ធ្វើ​បាន​តាមអនឡាញ និងនៅទីគ្រប់ទីកន្លែង។

តាមរយៈប្រព័ន្ធនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពិនិត្យ និងអនុម័តគម្រោងជាច្រើនកំលុងពេលលោកបំពេញការងារនៅក្រៅប្រទេស។ តាមរយៈប្រព័ន្ធនេះ បានជួយសម្រួលដល់ការពិនិត្យ និងសម្រេចលើ​គម្រោងវិនិយោគទាំងឡាយ ដោយមិនឱ្យរាំងស្ទះនោះឡើយ បើទោះបីលោកឧបនាយករដ្ឋមន្ត្រីកំពុងបំពេញការងារនៅក្រៅប្រទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចំពោះកិច្ច ចេញទៅសហរដ្ឋអាមេរិក ដើម្បីចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក។

ជាមួយការបង្ហាញរូបភាព និងព័ត៌មានស្តីពីការអនុម័តគម្រោងវិនិយោគលើ​រថភ្លើងនេះ នាំឱ្យអ្នកលេងបណ្តាញសង្គមចែករំលែករូបភាព និងព័ត៌មាន​នេះយ៉ាងច្រើន ហើយក៏បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចំពោះ​ស្មារ​តី​យកចិត្តទុកដាក់ និងខិតខំលើកិច្ចការបម្រើជាតិ៕