(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ បានរៀបចំក្នុងតម្លៃមួយសមរម្យ​ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ ដែលមានតម្លៃទាបបំផុត ១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា បញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្តត្រីចក្រយានយន្ត និងម៉ូតូកង់ បួន ដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ អាចចូលទៅស្វែងរកលេខចុះបញ្ជីដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី និងពាក់ផ្លាកលេខបាន។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែចង្អុលបង្ហាញ និងផ្តល់ការណែនាំ​ដ៏ខ្ពង់ខ្ពស់​ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ពីសេវាសាធារណៈរបស់ក្រសួង ដោយត្រូវធ្វើយ៉ាងណា​ឱ្យកាន់តែកៀកខិតជិត និងផ្តល់ភាពងាយស្រួល ភាពសម្បូរបែប និងជម្រើសកាន់តែប្រសើរដល់ពលរដ្ឋ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ កាន់តែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋផងដែរ៕