(សៀមរាប)៖ លោក ជុន វ៉ាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវត្ថិភាពលើប្រព័ន្ធអនឡាញ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្លែងថា កិច្ចការពារកុមារលេីប្រព័ន្ធអនឡាញ ជាការការពារអនាគតរបស់យេីងទាំងអស់គ្នា។
ការថ្លែងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយនិងងជំរុញការអនុវត្ត «គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា» ក្រោមប្រធានបទ «បង្កើតបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពសម្រាប់កុមារកម្ពុជា» ដែលរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ជូនដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. ប្រមាណ ៩០រូប នៅ Siem Reap House, Rose Apple Square ក្រុងសៀមរាប។
សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយ អង្គការដែនដីមនុស្សហូឡង់ប្រចាំកម្ពុជា (TdH NL) ក្នុងគោលបំណងជំរុញការពិភាក្សាថ្នាក់បច្ចេកទេសពាក់ព័ន្ធលើវិស័យសុវត្ថិភាព និងសន្តិសុខឌីជីថល ដែលអ្នកបច្ចេកទេសអាចស្វែងរកគន្លឹះ ចំណុចជាក់លាក់ក្នុងការបន្តរៀបចំគោលនយោបាយ ឬវិធានការ នានាបន្ថែមទៀតក្នុងវិស័យនេះ។
ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាពីអ្នកជំនាញ ព្រមទាំងវាគ្មិនមកពី អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) មន្ត្រីបច្ចេកទេសសន្តិសុខសាយប័រ មន្ត្រីនីតិកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក.ប.ទ. ដោយផ្តោតលើប្រធានបទ៖
(១) កិច្ចពិភាក្សាផ្លាស់ប្តូរគំនិត និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យ និងគ្រោះថ្នាក់លើប្រព័ន្ធអនឡាញសម្រាប់កុមារ និងប្រជាជនទូទៅកើតមានឡើងនៅកម្ពុជានាពេបច្ចុប្បន្នក្នុងបរិវត្តកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Generative AI បច្ច័យនានាលើសន្តិសុខសាយប័រ និងសវត្ថិភាពលើប្រព័ន្ធអនឡាញ។
(២) ស្វែងរកដំណោះស្រាយសក្ដានុពលដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងហានិភ័យ និងគ្រោះថ្នាក់នានាដែលកើតមានឡើងលើប្រព័ន្ធអនឡាញ និងបញ្ហាប្រឈមដែលកើតមានឡើងនាងពេលអនាគត។
(៣) ជំរុញការអនុវត្តគោលការណ៍ណែនាំ COP Guidelines និងសិក្សាអំពីអនុលោមភាពនីតិវិធីផ្ទៃក្នុងក្រុមហ៊ុន (Code of Conduct) ស្តីពីកិច្ចការពារកុមារលើប្រប័ព្ធអនឡាញដាក់បញ្ចូលជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលបានចុះបញ្ជី។
និង(៤) លើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដល់មន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. និងកំណត់កាលានុវត្តភាពដើម្បីបង្កើតបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពនៅកម្ពុជា៕