(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ជាមួយគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ដើម្បីផ្ដល់ព័ត៌មានដល់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ អំពីការត្រៀមខ្លួនចូលរួមគាំទ្រ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
សម្រាប់ឆ្នាំ ២០២៥នេះ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាថ្មីម្ដងទៀត ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ និងដោយនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ១,០០០នាក់ ដែលរួមមានថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ម្ចាស់ក្រុមហ៊ុន-សហគ្រាសសំខាន់ៗ, សមាជិកសមាគមឧកញ៉ាកម្ពុជា ក៏ដូចជាតំណាងអាណាព្យាបាលទារក និងកុមារ, និងអ្នកធ្លាប់ទទួលបានការពិនិត្យ និងព្យាបាលដោយជោគជ័យនៅមន្ទីរពេទ្យគន្ធបុប្ផា, និងសប្បុរសជនសំខាន់ៗដែលបានចូលរួមបរិច្ចាគកន្លងមក។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា មានគោលបំណងជំរុញចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្ត្រីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាសនានា, សមាជិកសមាគមឧញ៉ាកម្ពុជា, គណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
ការរៀបចំយុទ្ធនាការក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ «ទិវាកុមារអន្តរជាតិ ១ មិថុនា» និងដើម្បីជាការរម្លឹកឱ្យមានការបន្តការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕