(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោកស្រី Winnie Byanyima បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា។ លោកស្រីអគ្គលេខាធិការរង បានកោតសរសើរ ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកស្រីបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន២ ជា មួយលទ្ធផល៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ, ៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ៩៥ភាគរយ នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍) របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។
លោកស្រី Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និង ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។
បន្ថែមលើនេះ លោកស្រីអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលជាប្រទេសមួយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាលើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកស្រីបានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយកម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើន។ ថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ សម្តេចមហាបវរធិបតី បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតអាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល ជាពិសេសការលេីកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ដេីម្បីពង្រីកសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា «នៅពេលដែលយើងនិយាយពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ»។
ក្នុងជំនួបនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមគ្នាបន្តសម្រេចគោលដៅក្នុងការឆ្លេីយតបទៅនឹងគោលដៅសកលទាំងបីរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍៕