(ភ្នំពេញ)៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS លោកស្រី Winnie Byanyima បានថ្លែងកោតសរសើរចំពោះជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាបាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ កម្ពុជាជាប្រទេសឈានមុខគេ ដោយបានធ្វើការជាមួយគ្រប់អ្នកពាក់ព័ន្ធនិងគ្មានការរើសអើង។ កិច្ចការនេះបានបង្ហាញឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់។
ការថ្លែងកោតសរសើរ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS គឺបានធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំអង្គការ UNAIDS ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សា អំពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍ និងថវិកាជំនួយពីខាងក្រៅមានការធ្លាក់ចុះ។
លោកស្រី Winnie Byanyima បានថ្លែងបន្តថា បច្ចុប្បន្នយើងកំពុងនៅក្នុងរយៈពេលផ្ទេរដំណាក់កាលយ៉ាងធំធេង។ យើងត្រូវពិនិត្យមើលយុទ្ធសាស្រ្តក្នុងការបញ្ចប់អេដស៍នៅឆ្នាំ២០៣០។ ក្នុងនោះ ប្រទេសមួយចំនួន បានដកខ្លួនថយ ហើយមានការរើសអើងចំពោះប្រជាជនគន្លឹះ។ ទន្ទឹមនឹងនេះ លោកស្រីបានសរសើរថា កម្ពុជាបើកចំហចំពោះគំនិតច្នៃ ប្រឌិតថ្មី ព្រមទាំងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ក្នុងការពង្រីកសេវាថែទាំសុខភាព។ បន្ថែមលើនេះ កម្ពុជាជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវ ទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
លោក ឈាង រ៉ា បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជា។ ទន្ទឹមនឹងនោះ ក្រសួងក៏រៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹងកម្លាំងការងារ ផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគលើអង្គភាពផ្អែកលើសហគមន៍ផងដែរ។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានជម្រាបជូនលោកស្រី Winnie Byanyima អំពីការអនុម័តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តាមទិន្នន័យថ្មីបំផុតនេះគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៩២-១០០-៩៩។ ទន្ទឹមនឹងនេះ យើងមានក្តីបារម្ភយុវវ័យវ័យក្មេងអាយុពី១៥ទៅ ២៤ឆ្នាំ មិនទទួលបានការអប់រំសមស្របអំពីសុវត្ថិភាពផ្លូវភេទ។
មុននឹងបញ្ចប់លោកស្រី Winnie Byanyima បានស្នើថា កម្ពុជាគួរពិចារណាផ្តល់ការគាំទ្រឱ្យអង្គការសង្គម ស៊ីវិលចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងសន្យាថានឹងជួយស្វែងរកទម្រង់ល្អមួយ សម្រាប់កម្ពុជា។
ជាកិច្ចបញ្ចប់លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្តីបារម្ភរបស់យើងមួយទៀតគឺបញ្ហាថវិកា។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចូលរួមថវិកាយ៉ាងច្រើន និងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហា។ ប្រសិនបើយើងអនុវត្តគោល នយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍បានល្អ នឹងអាចជួយកាត់បន្ថយការចំណាយ និងពង្រឹងប្រសិទ្ធភាពក្នុងការចំណាយ។ លោកទេសរដ្ឋមន្រ្តីបានបន្តថា នឹងធ្វើការឱ្យបានជិតស្និទ្ធជាមួយការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជា ដើម្បីវាយតម្លៃលើការចំណាយក្នុងការពង្រឹង ការងារឆ្ពោះទៅបញ្ចប់អេដស៍៕