(ព្រះសីហនុ)៖ ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ, លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ រៀបចំឱ្យកម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះជួយបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋនៅតាមបណ្តាឃុំទាំង១០ ក្នុងមូលដ្ឋានស្រុកព្រៃនប់។
លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី បានប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុឱ្យដឹងថ្មីៗនេះថា ការធ្វើឡើងបែបនេះគឺកាន់តែបង្កើនភាពងាយស្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅឆ្ងាយៗ ពីអធិការដ្ឋាននគរបាលស្រុក បងប្អូនជាប់រវល់ប្រកបកិច្ចការងារ ធ្វើការរកស៊ីមិនសូវមានពេលគ្រប់គ្រាន់ក្តី ពោលគ្រាន់តែចំណាយពេលមិនឆ្ងាយប៉ុន្មានទៅសាលាឃុំនោះ កម្លាំងការិយាល័យអត្តសញ្ញាណ ធ្វើការបំពេញបែបបទជូនបងប្អូនពលរដ្ឋដោយឥតថ្លៃ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី បានបន្ថែមថា សម្រាប់មនុស្សចាស់ជរា ពិការភាព ឬមានជំងឺរាំរ៉ៃដែលមិនអាចចេញក្រៅផ្ទះបាន នគរបាលនឹងចុះទៅបំពេញបែបបទអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់លំនៅដ្ឋានដោយយគ្រាន់តែធ្វើការស្នើតាមរយៈមេភូមិមេឃុំ ជាមុនដើម្បីផ្តលព័ត៌មានមកកាន់ការិយាល័យជំនាញ។
លោកគូសបញ្ជាក់ថា នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានរៀបចំក្រុមការងារចុះបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២ថ្ងៃ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងគោ ដោយឡែកសម្រាប់ឃុំផ្សេងៗទៀត កម្លាំងនគរបាលនឹងបន្តចុះបំពេញបែបបទជាបន្តបន្ទាប់តាមកាលកំណត់។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអត្តសញ្ញាណបណ្ណអស់សុពលភាព (មុនអស់សុពលភាព ៦ខែ (១៨០ថ្ងៃ ) មកធ្វើដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម រួមមានដូចខាងក្រោម៖
*សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
*សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
*អត្តសញ្ញាណប័ណ្ណចាស់ (សម្រាប់អ្នកអស់សុពលភាព) ក្នុងករណីពុំផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍៕