(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងវរោកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ថែមទៀតថា៖

«ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិ បាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិដោយ ផ្អែកលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម បាននិងកំពុងកែប្រែជីវភាពរស់នៅ របស់ប្រជាជនកាន់តែសម្បូរសប្បាយប្រកបដោយមោទនភាព និងកិត្យានុភាព។ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមថ្លែង នូវព្រះរាជមហាករុណាទិគុណ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិតស្នេហាជាតិ មាតុភូមិ និង ប្រជារាស្ត្រខ្មែរ។

ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេច្ឆត្រ ព្រមទាំងព្រះរាជតេជបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណ ក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយព្រះរាជសុខ ភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សាដើម្បី ព្រះអង្គ គង់ប្រថាប់ជាម្លប់ប្រទានដល់ប្រជានុរាស្ត្រជ្រកកោន ដោយក្តីសុខដុមរមនាជាភិយ្យោភាពតរៀងទៅ និងព្រះសមប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំនិងភរិយា»។