(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំ លើកហត្ថប្រណម្យទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេច្ឆត្រ ព្រមទាំង ព្រះរាជតេជបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះ អង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងព្រះសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងវរោកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ «ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយ ផ្អែកលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម បាននិងកំពុងកែប្រែជីវភាពរស់នៅ របស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយមោទនភាព និងកិត្យានុភាពជាតិ។ ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមថ្លែងនូវព្រះរាជមហាករុណាទិគុណថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយ ព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិតស្នេហាជាតិ ស្នេហាមាតុភូមិ និងស្នេហាប្រជារាស្ត្រខ្មែរ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរជ័យសិរីមង្គល ថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានសមប្រកបដោយព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដល់កូនចៅ ចៅទួត របស់ព្រះអង្គតរៀងទៅ»៕