(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមព្រះបរមរាជានុញ្ញាតលំឱន កាយក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបន្តទៀតថា៖
«ទូលព្រះបង្គំជាខ្ញុំ សូមដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិ សាស្ត្រ ប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិត ស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិ បាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចឱ្យកាន់តែសម្បូរសប្បាយប្រកបដោយមោទនភាព និងកិត្យានុភាពជាតិ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេច្ឆត្រ ព្រមទាំងព្រះរាជតេជបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវ ព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត សូមទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងព្រះសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តា ទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំ»៕