(រតនគិរី)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកចង្កោមទម្លាក់ ពីលើយន្តហោះ ប្រភេទ CBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់ នៅក្នុងចម្ការស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ស្ថានភាពរណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះ មានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។ បើតាមលោក ហេង រតនា ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះ គ្មានសុវត្ថិភាពក្នុងការដោះបន្សាប និងដឹកជញ្ជូននោះ កម្លាំងជំនាញកម្ទេចចោល នៅទីតាំងចម្ការតែម្តង ដែលធ្វើឱ្យបង្កប៉ះពាល់ដើមស្វាយចន្ទីមួយចំនួន។
លោក ហេង រតនា បានរំលឹកថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏កំសត់នេះ ត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត ៣០លានគ្រាប់បែក ប្រើពេលជាង ១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០ ០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕