(ភ្នំពេញ)៖ លោកសាស្ដ្រ​ាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថាអគារចំនួន៣ ក្នុងនោះអគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២៤, នៅពេលនេះ កំពុងដំណើរការយ៉ាងរលូន និងមមាញឹកយ៉ាងខ្លាំងទាំងថ្ងៃ និងយប់។

គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌលកណ្តាល ការងារសាងសង់សរុបសម្រេចបាន ២%, អគារចំណត ការងារសាងសង់សរុបសម្រេចបាន ៨%, ចំណែកអគារពិគ្រោះជំងឺក្រៅ បានសម្រេចការសាងសង់ ៧០% គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល២ខែទៀត។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត។
ឆ្លៀតក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារសំណង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់អគារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិនិត្យឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេសសំណង់ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

អគារខាងលើនេះបានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។អគារសាងសង់ទាំង ៣នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារអាមេរិក ដែលនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពដោយធានាបានការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ ព្រមទាំងអាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

*អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស តាមជំនាញឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណភាពជាមូលដ្ឋាន។

*មជ្ឈមណ្ឌលកណ្តាលនេះមានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។

*អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណត មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center។

សូមជម្រាបថាក្នុងឱកាសដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារពេទ្យខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានឆ្លៀតពេលជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត និងបានអញ្ជើញពិនិត្យការបម្រើសេវានៅផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ និងកន្លែងផ្តល់ជូនឱសថ សម្រាប់អ្នកជំងឺ ប.ស.ស -ល- ។

នាឱកាសលោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី សួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ លោកក៏បានសួរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យ ហើយជាការឆ្លើយតប អ្នកជំងឺ និងគ្រួសារអ្នកជំងឺ បានសម្ដែងការពេញចិត្ដ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលព្យាយាមផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ខណៈដែលអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនរយនាក់ បានមកពិនិត្យសុខភាព និងព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះ។

លើសពីនោះប្រជាពលរដ្ឋ ក៏បានសម្ដែងការថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្ដរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ដែលបានខិតខំប្រឹងប្រែងពង្រឹងទាំងគុណភាព និងប្រសិទ្ធភាពនៃបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ហើយថ្ងៃនេះបានឆ្លៀតចុះមកសួរសុខទុក្ខអ្នកជំងឺ និងពិនិត្យមើលការបម្រើសេវារបស់មន្ដ្រីបុគ្គលិកខ្លួន ជូនប្រជាពលរដ្ឋថែមទៀតផង​ ទោះជាមានការមមាញឹកខ្លាំងក្នុងការបំពេញការងារយ៉ាងណាក្ដី។

ក្នុងឱកាសនោះដែរលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំពីការថែរក្សាសុខភាពប្រចាំថ្ងៃ ពិសេសការពិសាអាហារឱ្យបានត្រឹមត្រូវ កុំប្រៃពេក ផ្អែមពេក និងខ្លាញ់ពេក ហើយត្រូវធ្វើលំហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អ។ ជាមួយគ្នានោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ណែនាំបន្ថែមទៀតជូនដល់ក្រុមគ្រូពេទ្យ ពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ដើម្បីឱ្យការបម្រើសេវាព្យាបាល និងថែទាំ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាចុងក្រោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គនាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានឆ្លើយតប និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕