(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ «ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ ព្រះករុណាថ្លៃវិសេស ក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ និងគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ។

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជកតញ្ញុតាធម៌ និងកតវេទិតាដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែលះបង់ព្រះកាយពលគ្រប់ពេលវេលា និងព្រះរាជបញ្ញាញាណដ៏ភ្លឺថ្លាវាងវៃ បំពេញព្រះរាជពោធិសម្ភារយ៉ាងខ្ជាប់ខ្ជួន ដើម្បីវឌ្ឍនភាពជាតិ សាសនា និងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ។ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមប្តេជ្ញាដង្ហែតាមព្រះរាជលំអានមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៃព្រះបរមរូប ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ,សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងជាពិសេស នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមលំឱនកាយលើកហត្ថប្រណមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និង ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖