(កំពង់ធំ)៖ លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា ប្រគេនបច្ច័យ២លានរៀល ដល់ព្រះសង្ឃនៅវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ទុកដាក់ចូលរួមទំនុក បម្រុង ផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពង់សិក្សារៀនសូត្រ ដើម្បីជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងជាការឧទ្ទិសកុសលបុណ្យជូន បុព្វការីជន ញ្ញាតិការទាំងប្រាំពីរសន្តាន យុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីជាតិមាតុភូមិផងដែរ ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីអគ្គមហាឧបាសិកា ធម្មរក្ខិតាពុទ្ធសាសនូបត្ថម្ភក៏ ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅៗ មានសទ្ធាជ្រះថ្លាបានចូលបច្ច័យចំនួន ២លានរៀល ក្នុងពិធីបុណ្យវិសាខបូជា និងផ្កាប្រាក់សាមគ្គី រាប់បាត្រសង្ឃចំនួន ២៣០អង្គ វត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) ដែលប្រព្រឹត្តទៅថ្ងៃអាទិត្យ-ចន្ទ័ ១៥កើត-១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨-២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយសោមនស្សរីករាយជ្រះថ្លាបំផុត។

ដោយចេតនាបុណ្យកុសលទាំងឡាយនេះសូមឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ មហាឧបាសក តែ អៀវហ៊ុយ និងមហាឧបាសិកា ប៉ាក់ ហេរ ,មហាឧបាសក អ៊ីវ ស៊ុនថៃ និងមហាឧបាសិកា លី យុហៃ,សាច់ញាតិខាងមហាឧបាសក តែ អៀវហ៊ុយ នៅស្រុកចិនទាំងអស់ និងញាតិក្នុងសង្សាវដ្ត សូមបានទទួលហើយអញ្ជើញទៅកាន់សុគតិភពជាភិយ្យោភាព។

សូមដោយតេជះគុណព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) សូមជួយបីបាច់ថែរក្សា ប្រោសព្រំ ប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ សិរីសួស្តីគំនរលាភជ័យ និងសេចក្តីសុខ ចម្រុងចម្រើនជូនចំពោះលោកបណ្ឌិត ជីវ កេង និងលោកស្រីអគ្គមហាឧបាសិកា ឆាយ ស៊ីណា ជីវ កេង ព្រមទាំងបុត្រនិងចៅសូមទទួលបានសុខភាពល្អបរិបូរកម្លាំងពលំមាំមួនបញ្ញាញាណវៀងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយសុខសន្តិភាព រីកចម្រើន និងព្រមដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ៕