(ព្រះវិហារ)៖ ​លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជាប្រធានគណៈចលនាមហាជនគណបក្សខេត្ត បានថ្លែងលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺចង់ឱ្យកូនចៅប្រជាពលរដ្ឋចេះអក្សរ មានចំណេះដឹងជ្រៅជ្រះ មានការងារធ្វើបានចំណូលខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋានឱ្យមានការរីកចម្រើន។​

ការថ្លែងលើកឡើងបែបនេះរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មូលដ្ឋានក្នុងវិស័យអប់រំ ស្រុកឆែប នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកឆែប។

នៅក្នុងឱកាសនោះ ​លោក គីម រិទ្ធី បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ សមជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទូទាំងខេត្តព្រះវិហារផងដែរ។​

លោក គីម រិទ្ធី បានថ្លែងលើកឡើងបញ្ជាក់ប្រាប់លោកគ្រូអ្នកគ្រូថា មូលហេតុដែលនាំឱ្យលោកគ្រូអ្នកគ្រូសម្រេចចិត្តធ្វើគ្រូបង្រៀន ក៏ព្រោះតែចង់ឱ្យកូនចៅយើងមានចំណេះដឹង ចង់ឱ្យកូនធ្វើការងារបានល្អនៅថ្ងៃក្រោយ ចង់ឱ្យកូនទទួលបានប្រាក់ខែខ្ពស់ជាងយើង ចង់អភិវឌ្ឍន៍មូលដ្ឋាន ចង់កាត់បន្ថយភាពក្រីក្រ ដែលនេះជាមូលដ្ឋានចម្បងដែលយើងសម្រេចធ្វើជាគ្រូបង្រៀន។ ​នេះក៏មិនខុសពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះទេ គឺចង់ឱ្យកូនចៅប្រជាពលរដ្ឋចេះអក្សរ មានចំណេះដឹង ការងារបានចំណូលខ្ពស់ កាត់បន្ថយភាពក្រីក្រ និងដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនផងដែរ។​

លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មូលដ្ឋាន​វិស័យ​អប់រំ ក្នុងស្រុកឆែប ដែលបានអនុវត្តបេសកកម្មនយោបាយ និងការអប់រំប្រកប ដោយការ ទទួលខុសត្រូវខ្ពស់ ស្របតាមទិសដៅនយោបាយរបស់គណបក្ស លើការអភិវឌ្ឍវិស័យអប់រំ ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ​ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។​លោកក៏ថ្លែងផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ដែលជាសមាជិកគណបក្ស សូមបន្តគាំទ្រ «គណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនឯង ដើម្បីសុខសន្តិភាព និងដើម្បីកូនចៅជំនាន់ក្រោយយើងទាំងអស់គ្នា»៕