(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវាកងទ័ពជើងទឹកចិនចំនួនពីរគ្រឿង គឺនាវា០៧១ និងលេខ៩៨៩ បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព។ នាវាទាំងពីរគ្រឿង បានដឹកកម្លាំង និងសម្ភារៈ បរិក្ខារសិកមួយចំនួន ដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥។
ការមកដល់នៅកំពង់ផែរាមរបស់នាវាកងទ័ពជើងទឹកចិន នាឱកាលនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយទីចាត់ការហ្វឹកហ្វឺន ព្រមទាំងនាយនាវីមូលដ្ឋាសមុទ្រ ចំនួន៧០រូប និងក្រុមការងារសម្របសម្រួល ដឹកនាំធ្វើសមយុទ្ធនាគមាស ២០២៥ របស់កម្ពុជា។
ដោយឡែកប្រតិភូចិន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ LYU Guangkun ឧបការី នាយសេនាធិការយោធភូមិភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារ ដឹកនាំធ្វើសមយុទ្ធនាគមាសរបស់ភាគីចិន អមដោយ វរនាវីឯក chen yue long មេបញ្ជាការនាវាវរនាវីឯក jia jian rong មេបញ្ជាការនយោបាយ នាវា៩៨៩។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា។ សមយុទ្ធនេះ មានទាំងជើងគោក ជើងទឹក និងជើងអាកាស។ សមយុទ្ធនេះធ្វើឡើងនៅពីរទីតាំង រួមមាន៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។ រីឯសមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។
កងកម្លាំងចូលរួមក្នុងសមយុទ្ធនេះ មានចំនួនជាង២ពាន់នាក់។ ក្នុងនោះកងទ័ពកម្ពុជា មានចំនួន ១,៣៣១នាក់ និងរីឯកងទ័ពរំដោះប្រជាជនចិន មានចំនួន ៨៤៥នាក់។ សម្រាប់សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។
ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត៕