(ក្រចេះ)៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះ​សង្ឃ និងប្រជាពុទ្ធបរិស័ទជាង ១ពាន់អង្គ/នាក់ បានរួមគ្នាប្រារព្ធពិធី​ដង្ហែបុណ្យពិសាខបូជា។

ពិធីដង្ហែបុណ្យពិសាខបូជា ត្រូវបានធ្វើឡើងនៅបរិវេណវត្តព្រះវិហារធំ សសរ១០០ ឆ្ពោះទៅកាន់ទីរួមស្រុកសំបូរ ខេត្តក្រចេះ។ ពិធី​ត្រូវ​បាន​ប្រារព្ធឡើងក្រោមអធិបតីភាព ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរា​ជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុក​សំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ុន ឈឿន ប្រធានក្រុមប្រឹក្សាស្រុកសំបូរ ព្រមទាំងសហការី និងលោកស្រី ហ៊ា សារ៉ង អភិបាលរងស្រុកសំបូរ ព្រមទាំងសហការី។ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោក នាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

តាមការថេរៈដីកាពីព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈ​កិត្តិ​យស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្ត​ក្រចេះ ព្រះនាយកកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ស្រុកសំបូរ និងជាព្រះចៅអធិការវត្ត​ព្រះ​វិហារធំសសរ១០០ បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធី​បុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុក​ជាបុណ្យជាតិ សម្រាប់ថ្ងៃ ១៥កើត(ពេញបូណ៌មី) ខែពិសាខ ដែល​ប្រា​រព្ធឡើង គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែល​ទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ៖
ទី១- ព្រះអង្គទ្រង់ប្រសូត
ទី២- ព្រះអង្គទ្រង់ត្រាស់ដឹង
ទី៣- ព្រះអង្គទ្រង់ចូលបរិនិព្វាន៕