(កំពង់ឆ្នាំង)៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង(វគប) សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(វបក) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការងារអភិវឌ្ឍបារាំង(IRD) នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់រវាងសហគមន៍នេសាទ និងអ្នកវិទ្យាសាស្ត្រ ដើម្បីសិក្សាពីផលប៉ះពាល់នៃចរន្តទឹកបញ្រ្ចាសពីបឹងទន្លេសាបលើការធ្វើចរាចររបស់សហគមន៍ត្រីក្រោមអធិបតីភាពបណ្ឌិត ជា រដ្ឋា នាយក វគប និងលោកបណ្ឌិត ប៉ូល បូដ្រុង (Dr. Paul Baudron) អ្នកស្រាវជ្រាវជាន់ខ្ពស់វិទ្យាស្ថាន(IRD) និងជាប្រធានគម្រោង FEF-R INVERSAP។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងសហគមន៍នេសាទតាមបណ្តោយដងទន្លេសាប និងក្នុងបឹងទន្លេសាបចំនួន១៥ នាក់ មន្ត្រីជំនាញពីខណ្ឌជលផលចំនួន ៣ រូប និងអ្នកស្រាវជ្រាវចំនួន ៧ រូប ពី វិទ្យាស្ថានគរុកោសល្យបាត់ដំបង(BTEC) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(វបក) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការងារអភិវឌ្ឍបារាំង(IRD)។
សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោង FEF-R Inversap ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថាន IRD ដែលគម្រោងនេះមានរយៈពេលមួយឆ្នាំ ទទួលបានមូលនិធិគាំទ្រពីស្ថានទូតបារាំងប្រចំាកម្ពុជាតាមរយៈកម្មវិធី Fonds Équipe France Rapide (FEF-R) ហើយក៏មានការចូលរួមពីអ្នកស្រាវជ្រាវមកពីអាជ្ញាធរទន្លេសាប(TSA) ទាក់ទងនឹងតុល្យភាពទឹកបឹងទន្លេសាបផងដែរ។
សិក្ខាសាលានេះមានគោលបំណង៖ (១) បង្ហាញពីគោលដៅរបស់គម្រោង និងសកម្មភាពដែលបានគ្រោងទុក និង(២)ចែករំលែកអំពីលទ្ធផលស្រាវជ្រាវបឋម ដែលជាធាតុចូលក្នុងការពិភាក្សាផ្លាស់ប្តូរមតិយោបល់ប្រកបដោយអត្ថន័យរវាងអ្នកវិទ្យាសាស្ត្រ និងសហគមន៍អ្នកនេសាទដែលជាអ្នកមានបទពិសោធន៍ និងរស់នៅជាប្រចាំក្នុងប្រព័ន្ធបឹងទន្លេសាប។ លើសពីនេះ ការពិភាក្សានេះផ្តោតសំខាន់លើស្ថានភាពលំហូរទឹកបញ្ច្រាសរបស់ប្រព័ន្ធបឹងទន្លេសាប(Reverse flow) ជាបាតុភូតជលសាស្រ្តដ៏អស្ចារ្យ និងផលប៉ះពាល់លើចរាចររបស់សហគមន៍ត្រី ក៏ដូចជាសុខភាពប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។
ជាលទ្ធផល អ្នកនេសាទបានចែករំលែកការយល់ដឹងដ៏មានតម្លៃនៅទីតាំងដែលពួកគាត់រស់នៅនិងប្រកបរបរនេសាទជាប្រចាំ ដែលជាធាតុចូលដ៏សំខាន់ និងជាចំណេះដឹងបន្ថែមក្នុងការកែលម្អវិធីសាស្រ្តស្រាវជ្រាវ និងការស្វែងយល់ពីបាតុភូតធម្មជាតិនៃលំហូរទឹកដែលកើតមានក្នុងប្រព័ន្ធបឹងទន្លេសាប។ សិក្ខាសាលាក៏បានផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សាអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងទិសដៅអនាគតសម្រាប់ការគ្រប់គ្រងទន្លេ និងជលផលរបស់បឹងទន្លេសាបឱ្យកាន់តែមាននិរន្តរភាព។
សិក្ខាសាលាថ្ងៃនេះបង្កើតឡើងដោយមានការតភ្ជាប់នៃចំណេះដឹងរវាងអ្នកស្រាវជ្រាវ និងប្រជានេសាទ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានធម្មជាតិនៃប្រព័ន្ធបឹងទន្លេសាប ទន្ទឹមនឹងការជួយការពារភាពសម្បូរបែបនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីរបស់បឹង ដែលគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់៕