(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យវិសាខបូជា នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។

ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ដោយបានរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១,០៦៨អង្គ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាព ព្រះសង្ឃ តាជី យាយជី ប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្សនិងពុទ្ធបរិស័ទក្នុងខេត្តបាត់ដំបងជាច្រើនរូបចូលរួមយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា វិសាខបូជា គឺជាពិធីបុណ្យជាតិមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។

ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបីខាងលើនេះ គឺបានកើតឡើងនៅចំថ្ងៃ១៥កើតពេញបូណ៌មី តែមួយ ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នាខុសគ្នាតែឆ្នាំប៉ុណ្ណោះ៕