(ព្រះសីហនុ)៖ គម្រោងមូលនិធិឃុំឆ្នាំ២០២៥ ត្រូវបានបើកការដ្ឋានសាងសង់ដែលជាផ្លូវបេតុងអារមេចំនួន២ខ្សែ ប្រវែង ៧៨៤ម៉ែត្រ ក្រោយទទួលបានសិទ្ធិទទួលសាងសង់គម្រោងក្នុងពិធីបើកសំណើដេញថ្លៃ កាលថ្ងៃទី៣ ខែមេសាកន្លងទៅ។
ពិធីនេះធ្វើឡើងក្រោមការចូលរួមត្រួតពិនិត្យ និងសម្របសម្រួលដោយលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងគណៈកម្មការលទ្ធកម្មស្រុកសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិបឹងវែង ឃឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
អភិបាលស្រុកព្រៃនប់ ថ្លែងអំណរគុណដល់ទឹកចិត្ត និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន អមសង់ខាងផ្លូវទាំងអស់ ដែលបានលះបង់នូវចំណែកដូចជា ផ្ទះ របង ផលដំណាំផ្សេងៗ ខណៈពេលពង្រីកផ្លូវបេតុងមួយខ្សែរនេះមានការប៉ះពាល់តិចច្រើនក្តី ក៏នៅតែសហការចូលរួមបានគ្រប់គ្នា។
លោក អ៉ី ធារិន បានលើកឡើងទៀតថា ផ្លូវគឺជាសរសៃឈាមមួយដ៏សំខាន់ក្នុងការចូលរួមចំណែកកាត់បន្ថយភាពលំបាកការធ្វើចរាចរណ៍នានា ជាពិសេសប្រជាពលរដ្ឋភាគច្រើនក្នុងស្រុកព្រៃនប់ជាកសិករ ពោលគឺអាបង្កើនភាពងាយស្រួលដឹកជញ្ជូនទំនិញ បន្លែរ ផ្លែឈើ កសិផលនានាចេញចូលទៅរកទីផ្សារបានដោយមិនលំបាកដូចមុន។
លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីទទួលបានផ្លូវស្អាតមួយខ្សែរនេះបងប្អូននឹងបន្តចូលរួមសហការថែរក្សាអោយបានគង់វង្សយូរអង្វែង តាមរយៈការសម្អាតទីធ្លាមុខផ្ទះមិនត្រូវអោយមានទឹកដក់ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងព្យាយាមដាំដើមឈឺដែលមានផលប្រយោជន៍ទាំងបុគ្គល និងសម្គម កាន់តែពិសេសដើមឈឺក៏អាចទប់ស្កាត់ការហូច្រោះដីដែលជាកក្តាធ្វើឲ្យខូចផ្លូវ៕