(សៀមរាប)៖ ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តសៀមរាប បានរួមគ្នាបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
សិក្ខាសាលានេះ បានធ្វើឡើងដោយមានការចូលរួមពីក្រសួងកិច្វការនារី និងមន្ទីកិច្ចការនារីខេត្តចំនួន១៤ខេត្ត រួមមានខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ កោះកុង កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ និងតាកែវ សរុបចំនួន៥១នាក់ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានរាយការណ៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «សម្អាតផ្ទះយើង» និង«សម្អាតចកចេញពីបឹង» នៃបទបញ្ជាលេខ ០១បបស្តីពីការដាក់ចេញនូវវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ថ្លែងនាមលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាឱកាសនោះ លោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការ បានជំរុញដល់ស្រ្ដីដែលជាម្ដាយ ក៏ដូចជាមន្រ្ដីរាជការជាស្រ្ដី ប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នាទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំ ដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ ដើម្បីងាយស្រួលដោះស្រាយទាន់ពេលធ្វើឲ្យសង្គមយើង សហគមន៍យើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើន ហើយការពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងពីទិដ្ឋភាពទូទៅ និងផលប៉ះពាល់នៃគ្រឿងញៀន ចូលរួមទប់ស្កាត់បាននូវការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍។
ជាមួយគ្នានេះ វាគ្មិនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមាន លោក ឯម ហ៊យ, ឧត្តមសេនីយ៍ត្រី យិន យឿត, ឧត្តមសេនីយ៍ត្រី ឈិន ភូមា, វរសេនីយ៍ត្រី ចាន់ ផានិត បានបញ្ជាក់ជូនថា សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងពី៖ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន តួនាទីរបស់មាតាបិតា ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការចូលរួមមាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ទីតាំងនៃការផ្ដល់សេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃNoDrug ដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ https://nodrugsnacd.com/download_kh តាមរយ:លទ្ធផលតេស្តមុន និងក្រោយការបណ្តុះបណ្តាល៕