(ភ្នំពេញ)៖ កន្លងមកនេះមានប្រជាពលរដ្ឋដែលតាំងទីលំនៅតាមមាត់ប្រឡាយទឹកស្អុយបឹងត្របែកប្រមាណជាង៩៥% បានចូលរួម ទទួលយកសំណងផលប៉ះពាល់របស់គណៈកម្មការអន្តរក្រសួង ហើយយល់ព្រមរុះរើផ្ទះចេញពីដីកម្មសិទ្ធរបស់រដ្ឋ ផ្លាស់ទីលំនៅទៅកាន់កន្លែងផ្សេង។
តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ដែលនៅសល់ប្រមាណ ៦០ម៉ែត្រទៀត ពីគោលដៅសម្រេចនៃគម្រោង។ តែនៅមានផ្ទះប្រមាណ១១ខ្នងផ្ទះទៀត ដែលមិនទាន់រុះរើ ធ្វើឱ្យរាំងស្ទះ មិនអាចឱ្យគ្រឿងចក្រចូលកាយស្តារ ដល់ស្ថាននីយបូមទឹកបឹងត្របែកបាន។
ក្នុងន័យនេះ ដើម្បីរួមចំណែកធ្វើឱ្យគម្រោងស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រឡាយលូបឹងត្របែកសម្រេចអនុវត្តបាន១០០% អាជ្ញាធរសូមសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ប្រមាណ៥%ទៀត ដែលមិនទាន់ទទួលយកសំណងផលប៉ះពាល់ជំហាន១នោះ សូមមេត្តាអញ្ជើញរួសរាន់ និងចូលរួមក្នុងការទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង។
លើសពីនេះទៅទៀត ដើម្បីជួយកាត់បន្ថយការចំណាយ និងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលបានទទួលសំណងរួចរាល់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ស្ម័គ្រចិត្តដោយស្មោះ ក្នុងការជួយរុះរើផ្ទះជូនប្រជាពលរដ្ឋ និងដឹកជញ្ជូននូវសម្ភារទាំងនោះ ទៅកាន់ទីលំនៅថ្មី តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕