(កំពង់ធំ)៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវក្រាលក្រួសក្រហម ប្រវែង ២១,២៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីឃុំដងកាំបិតទៅឃុំសណ្តាន់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែល ជា អំណោយ ដ៏ ថ្លៃ ថ្លា បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត។ ពិធីនេះ មានការ អញ្ជើញ ចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គ មេ បញ្ជាការ រង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កង ទ័ព ជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់, លោក លោកស្រី សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាល ខេត្តកំពង់ធំ, អាជ្ញាធរឃុំ ស្រុក ព្រមទាំង បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ១០០០នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ធំ និយាយជារួម និងនិយាយដោយឡែក ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកសណ្ដាន់ ពិសេសលោកយាយ លោកតា អ៊ុំពូ មាមីង បងប្អូន ក្មួយៗយុវជនទាំងអស់ ដែលបានអញ្ជើញមកចូលរួម ពិធី ផងដែរ។ លោក វង្សី វិស្សុត ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋ ស្រុកសណ្ដាន់ ដែលកន្លងមកតែងតែបានផ្តល់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវ សូមឱ្យបងប្អូនបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយសូមកុំជឿតាមការញុះញង់ផ្សេងៗ ដើម្បីបន្តរក្សាការពារសុខសន្តិភាព ឯកភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមាន ភាពរីក ចម្រើនរុងរឿងជាលំដាប់តទៅមុខទៀត។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា កាលពី៥០ឆ្នាំមុន ប្រទេសជាតិយើង បានធ្លាក់ចូលភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវស្នាមរបួស និងទុក្ខសោកយ៉ាងធ្ងន់ធ្ងរជាទីបំផុត ទាំងការបាត់បង់ជីវិតមនុស្ស និងរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់ វិស័យ។ ក៏ប៉ុន្តែកាលពី៤៦ឆ្នាំមុន ក៏បានបង្ហាញនូវការតស៊ូដ៏មោះមុត និងស្នាដៃជាប្រវត្តិសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ និងការស្តារកសាងប្រទេសជាតិ ពីចំណុចសូន្យ ដោយបាតដៃទទេរហូត សម្រេចបាននូវសមិទ្ធផល និងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ជូនជាតិ និង ប្រជាជនជាពិសេស ការនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពទឹកដីទាំងស្រុងក្នុងប្រវត្តិសាស្រ្តកម្ពុជា ជាង៥០០ឆ្នាំចុងក្រោយនេះ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ផ្លូវក្រួសក្រហមប្រវែង ២១,២៥ គីឡូម៉ែត្រនេះ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលផ្សេងៗទៀតដែលទទួលបាននាពេលកន្លង ដើម្បី ចូលរួមចំណែក ឆ្លើយតបទៅនឹងភាពមានកម្រិត និងសេចក្ដីត្រូវការខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់បម្រើឱ្យ ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំលំដាប់ទី២។ លោកបានបន្តថា ផ្លូវក្រាល គ្រួសក្រហមថ្មីនេះ ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលបានកំពុងអនុវត្ត និងត្រៀម អនុវត្ត នាពេលខាងមុខ គឺដើម្បីជំរុញការអភិវឌ្ឍ និងផ្លាស់ប្ដូរកែប្រែ មុខមាត់ ខេត្តកំពង់ធំ ពិសេសដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម ព្រមទាំង ដើម្បី ធ្វើយ៉ាងណាកុំឱ្យខេត្តកំពង់ធំជាកន្លែងដែលទៅហួសមកហួសទៀត តាមរយៈការទាក់ទាញអ្នកដំណើរ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ, អ្នកវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានា។ដោយឡែក ស្រុកសណ្តាន់របស់យើង ក៏កំពុងតែទទួលនូវគម្រោង អភិវឌ្ឍន៍លើវិស័យផ្សេងៗជាច្រើនបន្តបន្ទាប់ផងដែរ សរុបរហូតដល់ ៣៩ គម្រោង និង មានតម្រូវការ ថវិកាប្រមាណ ២០៣លាន ដុល្លារ (ការប៉ាន់ស្មានបឋម) ក្នុងនោះវិស័យផ្លូវថ្នល់៨គម្រោង ទឹកប្រាក់ ១២, ៧៥លានដុល្លារ, វិស័យធារាសាស្ត្រ ៦គម្រោងទឹកប្រាក់ ១៨៥, ៦៩លានដុល្លារ, វិស័យអប់រំ ២២គម្រោងទឹកប្រាក់ ៣, ០២លានដុល្លារ និងវិស័យសុខាភិបាល ៣គម្រោង ទឹកប្រាក់ ១, ៥៤ លានដុល្លារ។ លោកបានបន្តថា គម្រោងទាំងនេះនឹងជួយលើកកម្ពស់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋ យើងឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសការដោះស្រាយបញ្ហាទឹកសម្រាប់វិស័យកសិកម្ម និងការលើកកម្ពស់ គុណភាព វិស័យអប់រំ និងសុខាភិបាល។
លោក វង្សី វិស្សុត ក៏បានជម្រាបជូនផងដែរ អំពីការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានជំរុញនិង លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូន ប្រជាពលរដ្ឋស្រុកសណ្តាន់ សូមជំរុញផលិតកម្ម កសិកម្មឱ្យបានច្រើន ព្រោះសណ្តាន់មានសក្តានុពលច្រើន ក្នុងវិស័យកសិកម្ម ទាំងដំណាំកសិ ឧស្សាហកម្មបន្លែ និងការចិញ្ចឹមសត្វ ហើយក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរ ដែលជាសេនាធិការរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានកំពង់ធំ នឹងត្រៀមផ្តល់កិច្ចសហការនិងការប្រឹក្សា ដោយរួមទាំង ជំនួយ បច្ចេកទេសតាមការចាំបាច់ ដើម្បីជួយបងប្អូន និងសហគមន៍កសិកម្ម។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ឱ្យបន្តពង្រឹង និងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន និងត្រូវពន្លឿនការចុះបញ្ជី ដីធ្លី ជូនប្រជាជន ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទំនាស់ដីធ្លីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស និងបន្ត ទប់ ស្កាត់ការទន្ទ្រាន ដី ព្រៃ ព្រមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោក ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា ផ្លូវ ក្រួសក្រហម ដែលជាសមិទ្ធផលថ្មីនេះ ដើម្បីធានាការប្រើ ប្រាស់ និងការដឹកជញ្ជូនផលិតផលកសិកម្មឱ្យបានឋិតថេរយូរអង្វែង។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ចែកជូនប្អូនប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ និងអតីតយុទ្ធជនចំនួន ៣០គ្រួសារក្នុង១គ្រួសារទទួលបាន មីជាតិ ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អង្ករ១បាវ, ជូនលោកគ្រូអ្នកគូ្រទទួលបានថវិកាចំនួន ១០០ ០០០រៀលក្នុង១នាក់, សិស្សានុសិស្សចំនួន៣០០នាក់ ទទួលបាននូវសម្ភារៈសិក្សានិងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភថវិកាជូន ឃុំដងកាំបិត ១លានរៀល ឃុំសណ្តាន់ ១លានរៀល និងជូន សាលាស្រុកសណ្តាន់ ២លានរៀល៕