(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទំាងមានការប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ សរុបចំនួន ៤៤នាក់ ផងដែរ។
នាឱកាសនោះដែរ លោក សោម ចំណាន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងអំពីគោលការណ៍សំខាន់ៗរបស់អង្គការអន្តរជាតិខាងការងារ ILO, ទស្សនទាននៃការងារសមរម្យ និងដំណើរការនៃការកសាងគោលនយោបាយក្នុងបរិបទនៃការងារសមរម្យ ព្រមទាំងភាពខុសគ្នា រវាងការកសាងគោលនយោបាយដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រស្រាវជ្រាវ និងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិសម្រាប់ការងារសមរម្យ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជានិងអង្គការ ILO ក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយក៏បានស្នើសុំឱ្យសិក្ខាកាមទំាងអស់យកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ទៅអនុវត្ត និងជាធាតុចូលក្នុងការកសាងគោលនយោបាយស្របតាមបេសកកម្មអង្គភាពរបស់ខ្លួនដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការងារសមរម្យនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើការបណ្តុះបណ្តាលដោយអ្នកជំនាញពីអង្គការអន្តរជាតិការងារ ILO លើប្រធានបទសំខាន់ៗដូចជា ទី១. អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២. ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និងទី៣. ដំណើរការនៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងដែលរួមមាន ការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការតាក់តែង សេចក្ដីព្រាងនៃគោលនយោបាយសង្ខេប។ល៕