(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្ដល់ការយកចិត្ដទុកដាក់ និងគាំទ្រដល់កូនចៅរបស់ខ្លួន ដែលជាយុវជនជំនាន់ថ្មី ឲ្យមានឱកាសបានរៀនសូត្រ ឲ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ រតនៈ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ ជូនដល់និស្សិតជំនាន់ថ្មី ជាង២០០នាក់ មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់គ្រួសារខ្មែរយើង ផ្ដល់ការយកចិត្ដទុកដាក់ និងគាំទ្រដល់ប្អូនៗ ក្មួយៗ ដែលជាកុមារា-កុមារី ជាយុវជនជំនាន់ថ្មី ឲ្យមានឱកាសរៀនសូត្រ ពីព្រោះជំនាន់មុន ឆ្លងកាត់ជំនាន់សង្គ្រាមលំបាក ក៏ប៉ុន្ដែមិនមែនន័យថា កូនចៅ ត្រូវឆ្លងកាត់សង្គ្រាម និងការលំបាកទៀតនោះទេ»។

លោក កែវ រតនៈ បានលើកឡើងថា យើងត្រូវចាំអំពីសង្គ្រាម ក៏ប៉ុន្ដែយើងត្រូវបង្កើតលក្ខខណ្ឌមួយ ទាំងគ្រួសារ ទាំងគូស្រករ ទាំងសហគមន៍ ទាំងប្រទេសជាតិ ឲ្យប្អូនៗជំនាន់ក្រោយ បានមានឱកាសរៀនសូត្រ ដោយមិនចាំបាច់ឆ្លងកាត់សង្គ្រាមលំបាក ដូចអ្នកជំនាន់មុនបានឆ្លងកាត់ទៀតនោះទេ។

បន្ថែមពីនោះទៀត លោក កែវ រតនៈ បានប្រាប់ថា ជំនាញដែលរៀនមិនចេះខុស និងល្អបំផុតសម្រាប់មួយជីវិត គឺជាជំនាញទូទៅ ដូចជា៖ ភាសា, កុំព្យូទ័រ និងភាពជាអ្នកដឹកនាំ ដែលគិតគូអំពីសង្គមជាតិ ដោយមិនគិតតែពីខ្លួនឯង ព្រោះថា បើមនុស្សម្នាក់ រៀនតែដើម្បីខ្លួនឯងតែមួយមុខ វាមិនសូវមានការរីកចម្រើននោះទេ។

លោក កែវ រតនៈ បានគូសបញ្ជាក់ថា បើសិនជាមានជំនាញទូទៅទាំងនេះ គឺអាចមានមូលដ្ឋានគ្រឹះ ក្នុងការចូលធ្វើការងារអ្វីក៏បាន ព្រោះថា សេដ្ឋកិច្ចក្នុងសម័យទំនើបនេះ មិនមែនរៀនអ្វី ត្រូវតែទៅធ្វើការងារតាមសញ្ញាបត្រ ដែលទទួលបាននោះទេ។

លើសពីនោះទៀត លោក កែវ រតនៈ បានឲ្យដឹងថា អត់មានសញ្ញាបត្រណា ឬនៅសាលារៀន បង្រៀនឲ្យធ្វើរដ្ឋមន្ដ្រី និងធ្វើជាអគ្គនាយកនោះទេ ហើយក៏គ្មានសញ្ញាបត្រ និងនៅសាលារៀន លើពិភពលោកណា ដែលបង្រៀនចេញមកឲ្យធ្វើជារដ្ឋមន្ដ្រីនោះដែរ គឺមានតែការខិតខំប្រឹងប្រែងដោយខ្លួនឯងតែប៉ុណ្ណោះ។

លោក កែវ រតនៈ បានលើកឡើងថា សេដ្ឋកិច្ចសម័យទំនើបនេះ ការងារមានការផ្លាស់ប្ដូរលឿនណាស់ ដូច្នេះក្នុងមួយជីវិតរបស់មនុស្សម្នាក់ ដែលចាប់ពីឥលូវនេះទៅ នឹងមានការផ្លាស់ប្ដូរការងារច្រើនដង ហេតុនេះ អ្នកដែលជោគជ័យ គឺអ្នកដែលមានការត្រៀមខ្លួន ដើម្បីទៅធ្វើកិច្ចការនៅកន្លែងណាក៏បាន។

លោកបណ្ឌិត Malcolm Mclver សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ (AUPP) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល របស់និស្សិតដោយថ្លែងថា «ក្រៅពីសមិទ្ធិផល នៅក្នុងការសិក្សា យើងទាំងអស់គ្នា ក៏សូមចូលរួមកោតសរសើរ នូវភាពជាអ្នកដឹកនាំ បុគ្គលិកលក្ខណៈ និងទស្សនៈដ៏ឈ្លាសវៃដែលក្មួយៗ ទទួលបានពីសាកលវិទ្យាល័យAUPP»។

លោកស្រីបណ្ឌិត Jeni McRay សាកលវិទ្យាធិការរង ផ្នែកអន្តរជាតូបនីយកម្ម និងផ្ដួចផ្ដើមយុទ្ធសាស្រ្ត នៃសាកលវិទ្យាល័យ Fort Hays State ដែលជាសាកលវិទ្យាល័យដៃគូមួយរបស់ AUPP នៅសហរដ្ឋអាមេរិក ក៏បានចូលរួមថ្លែងសុន្ទរកថា អបអរសាទរដល់និស្សិតទាំង២១៣រូប។

គូសបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ១២ឆ្នាំ AUPP បានបណ្តុះបណ្តាលនិស្សិតជាង៦០០រូប សុទ្ធសឹងតែជាធនធានមនុស្ស ដែលកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍ ទាំងក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអាមេរិក និងកម្មវិធីសញ្ញាបត្រពីរ សញ្ញាបត្រមួយផ្តល់ដោយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសញ្ញាបត្រមួយទៀតផ្តល់ដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក៕