(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះទៅពិនិត្យវឌ្ឍនភាព នៃការកែលម្អបណ្ណាល័យឡានឆាង-មេគង្គ (ទី៣) ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលាប។
ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះអំណោយដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅ ទៅកាន់បរទេសតាមរយៈកិច្ចសម្របសម្រួលពី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលស្ថាប័នទាំងពីរ បានរួមចំណែកយ៉ាងសកម្មនៅក្នុងកម្មវិធីសប្បុរសធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង»។
ឯកឧត្តមបានរំលេចពីតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាន នៃការធ្វើទំនើបកម្មបណ្ណាល័យនៅក្នុងការអភិវឌ្ឍអំណាន ហើយបណ្ណាល័យមេគង្គ-ឡានឆាងត្រូវបានឯកឧត្តមចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់មួយ នៅក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស នៅកម្ពុជា។
លោក គូ រចនា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌជ្រោយចង្វារ បានសាទរនឹងសមិទ្ធផលថ្មីដែលនឹងរួចរាល់ នាពេលដ៏ខ្លីខាងមុខសម្រាប់ទទួលស្វាគមន៍មិនត្រឹមសិស្សានុសិស្ស និងមហាជនទូទៅប៉ុណ្ណោះទេ តែការកែលម្អបណ្ណាល័យក្រោមជំនួយ ពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ព និងចែកផ្សាយសៀវភៅ ដែលនឹងបន្ថែមសៀវភៅអានជាភាសាចិន នឹងក្លាយជាវេទិកាសដ៏សំខាន់ដល់អ្នកសិក្សាភាសាចិន ក្រៅម៉ោងនៅក្នុងសាលាបឋមសិក្សាព្រែកលាបថែមទៀត។
លោកស្រី ហុក ច័ន្ទទី នាយិកាសាលាបឋមសិក្សាព្រែកលាប បានថ្លែងដោយក្តីរីករាយថា នេះជាលើកទី១ដែលទទួលបាន ការកោតសរសើរនិងវាយតម្លៃខ្ពស់ដោយផ្ទាល់ពីអាណាព្យាបាល និងពីសិស្សានុសិស្សដែលបានឃើញពីសោភណភាព របស់បណ្ណាល័យនេះ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលទៅទទួល សេវាកម្មលើផ្នែកអំណាននេះ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបញ្ជាក់ថា មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ព និងចែកផ្សាយសៀវភៅ ទៅកាន់បរទេស គឺជាទម្រដ៏សំខាន់នៅក្នុងកិច្ចបង្កើនអំណានក្នុងប្រទេសកម្ពុជា។ គិតចាប់ពីឆ្នាំ២០២២មក នេះជាបណ្ណាល័យទី៣ដែលត្រូវបានកែលម្អ និងធ្វើទំនើបកម្ម ស្របនឹងប្រសាសន៍របស់ឯកឧត្តមបានលើកយក ប្រសាសន៍របស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនថា «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»៕
វិទ្យុមិត្តភាពកម្ពុជាចិន