(ព្រៃវែង)៖ លោក ចាន់ ដេត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណៈចាត់តាំងគណបក្សខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកគណបក្សករណីពិសេសចំនួន៥០នាក់ ដែលជាអតីតគណបក្សប្រឆាំងនៅខេត្តព្រៃវែង។

ពិធីប្រកាសទទួលស្គាល់នេះបានប្រព្រឹត្តទៅ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលមានការចូលរួម ពីក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក ចាន់ ដេត បានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ។

សមាជិក-សមាជិកាទាំង៥០នាក់ មកពីគណបក្សប្រឆាំងផ្សេងៗ បានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្ត ក្រោយពីបានស្ដាប់នូវសេចក្តីសម្រេច ដូចខាងក្រោម៖

*១៖ សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ
*២៖ ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត
*៣៖ ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ
*៤៖ប្ដេជ្ញាចូលរួមប្រតិបត្តិ ក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែម ដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
*៥៖ ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត៕