(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមុខសញ្ញាចោរឆក់ចំនួន២នាក់ ក្រោយពីធ្វើសកម្មភាពកាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១:២០នាទីព្រឹក នៅចំណុចមុខក្លឹប ULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី)

និងទី២៖ ឈ្មោះ លី ហ្វាសុី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជាអ្នកបិទគូទពីក្រោយ និងជាមុខសញ្ញាចាស់)

សម្ភារៈ និងវត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1LI-8243), កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន០១ (ផលនៃបទល្មើស), លិខិតឆ្លងដែន ចំនួន ០២ក្បាល, កាតការងារជនបរទេស ចំនួន០១, អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋចិន ចំនួន ០៣សន្លឹក និងបណ្ណបេីកបរជនបរទេស ចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕