(មណ្ឌលគិរី)៖ លោកឧកញ៉ា ស្រី ចន្ធូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងគ្រួសារព្រមទាំងបុគ្គលិកនៃ ក្រុមហ៊ុន i7 បានបរិច្ចាគថវិកា ២៥០០ដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឧលគិរី នាក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

កន្លងមកលោកឧកញ៉ាតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា និងតែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

គូររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់។

ដូច្នេះសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ។

លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកឧកញ៉ា ស្រី ចន្ធូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឧលគិរី និងគ្រួសារព្រមទាំងបុគ្គលិកនៃ ក្រុមហ៊ុន i7 លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងនាមសមាជិកសមាជិកានៃគណៈកមាធិការសាខាទាំងអស់ សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះលោកឧកញ៉ា សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕