(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារផែនជំនាញ និងត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារអន្តោប្រវេសន៍ ផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យបុគ្គលិក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អ។
លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងបន្ថែមនូវនីតិរដ្ឋបាល, ការគ្រប់គ្រងកងកម្លាំង, របៀបរបបការងាររដ្ឋបាល ទម្រង់ហត្ថលេខា គ្រីស ទំរងបែបបរបាយការណ៍ផ្សេងៗ, ការអនុវត្តនីតិវិធី រួមលិខិតស្នាមផ្សេងៗ ត្រូវផ្អែកលើគោលការណ៍ច្បាប់ និងជំនាញឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវគោរពវិជ្ជាជីវៈ ការសម្ងាត់ ការគោរពវិន័យ គោរពបទបញ្ជាមេកើយ រួមទាំងការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពឯកភាពផ្ទៃក្នុង៕